ជប៉ុន នឹងផ្តល់ហិរញ្ញប្បទានឥតសំណង ៤១លានដុល្លារ ដល់កម្ពុជា
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន នឹងផ្តល់ហិរញ្ញប្បទានឥតសំណង ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអនុវត្តគម្រោងចំនួន ០២ ដែលមានទឹកប្រាក់សរុបប្រមាណ ៤១លានដុល្លារអាមេរិក។
ពិធីចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុននេញ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ក្រោមវត្តមានលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា គម្រោងទាំងពីរ ដែលនឹងទទួលបានហិរញ្ញប្បទានឥតសំណងនេះ រួមមាន៖
១. ការបោសសម្អាតមីនប្រកបដោយសមាហរណកម្ម និងសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី២ ដែលមានទឹកប្រាក់ចំនួន ២០០០ លានយ៉េន (ប្រមាណ ១៧ លានដុល្លារអាមេរិក) និង២. ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តស្វាយរៀង ដែលមានទឹកប្រាក់ចំនួន ២៧៨៦ លានយ៉េន (ប្រមាណ ២៤ លានដុល្លារអាមេរិក)។
ក្រសួងការបរទេស បានលើកឡើងបន្ថែមថា ហិរញ្ញប្បទានឥតសំណងដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមកម្ពុជា ព្រមទាំងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ និងចំណង មិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។