កិច្ចពិភាក្សា​មិនមាន​លទ្ធផល​អ៊ុយ​ក្រែ​ន​សុំចូល​ជា​សមាជិក​អឺរ៉ុប​បន្ទាន់ ដើម្បី​ទទួលបាន​ការការពារ​ស្រប់ច្បាប់​

​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Zelensky បានដាក់​លិខិតស្នើ​សុំចូល​ជា​សមាជិក​អឺរ៉ុប​ជា​ផ្លូវការ​ដើម្បី​ក្លាយជា​សមាជិក​ទី​២៨ ក្នុង​សហគមន៍​នេះ ខណៈ​កិច្ចពិភាក្សា​ជាមួយ​រុស្ស៊ី​មិនមាន​លទ្ធផល​ល្អ ។ ប៉ុន្តែ​ការចូល​ជា​សមាជិក​អឺរ៉ុប មិនមែនជា​បញ្ហា​ចំពោះ​រុស្ស៊ី​នោះឡើយ តែ​ការចូល​ជា​សមាជិក​ណា​តូ ទើប​ជា​បញ្ហា​ចោទ​របស់​រុស្ស៊ី​។​

​ការសម្រេច​ខាងលើ​របស់​អ៊ុយ​ក្រែ​ន​កើតឡើង​ក្រោយពេល សហគមន៍​អឺរ៉ុប​បើកភ្លើង​ខៀវ​ដល់​អ៊ុយ​ក្រែ​ន​ចូល​ជា​សមាជិក ក្រោយ​រុស្ស៊ី​វាយប្រហារ ៥​ថ្ងៃ​កន្លងមក​។ ក្នុងពេលដែល អ៊ុយ​ក្រែ​ន​ចូល​ជា​សមាជិក​អឺរ៉ុប ជំហាន​បន្ទាន់​គឺ​ចូល​ជា​សមាជិក​របស់​អង្គការ​ណា​តូ ហើយ​ក្នុងពេលនោះ​ប្រទេស ណា​តូ​នឹងមាន​សិទ្ធ​ពេញលេញ​នៅក្នុង​ការបញ្ជូន​កម្លាំង​ទាហាន​ទៅ​ការពារ​សន្តិសុខ​អ៊ុយ​ក្រែ​ន​។​

​ជាមួយគ្នានេះដែរ តំណាង​អចិន្ត្រៃយ៍​រុស្ស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ លោក វ៉ា Vasily Nebenzia បាន​និយាយថា​វត្តមាន​កងទ័ព NATO នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន នឹង​រុញឱ្យ​បក្ស​សម្ពន្ធ​យោធា​មួយ​នេះ​ធ្លាក់​ចូលក្នុង​ភ្លើងសង្គ្រាម​ជាមួយ​រុស្ស៊ី​។​

​លោក Vasily Nebenzia ធ្វើការ​កត់សម្គាល់​ខាងលើ​នៅក្រោយ​ចូលរួម​កិច្ចប្រជុំ​បន្ទាន់​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី​២៨​ខែកុម្ភៈ​។ តំណាង​អចិន្ត្រៃយ៍​រុស្ស៊ី​រូបនេះ​បានបញ្ជាក់​ទៀតថា​អ​ឆន្ទៈ​របស់​អ៊ុយ​ក្រែ​ន នៅក្នុង​កិច្ចពិភាក្សា​ស្ដីពី​តំបន់​ដុន​បាស (Donbass) បាន​ជំរុញ​ឱ្យ​រុស្ស៊ី​យល់ថា​អ៊ុយ​ក្រែ​ន​គ្មាន​សិទ្ធិ និង​មិន​អាចឱ្យ​ពលរដ្ឋ​រស់នៅក្នុង​តំបន់​នេះ​រង​ការឈឺចាប់​តទៅទៀត​ជាដាច់ខាត​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close