បាញ់ប្រហារទៀតហើយនៅអាមេរិក ស្លាប់និងរបួស៦នាក់

អំពើហឹង្សាការបាញ់ប្រហារនៅអាមេរិក បានក្លាយជាស្រមោលអាក្រក់ ដល់ការបោះឆ្នោតពាក់កណ្តាលអាណាត្តិ ដែលនឹងធ្វើឡើងនៅពេលដ៏ខ្លីខាងមុខ ។

ការបាញ់ប្រហារ ដែលរងការរិះគន់យ៉ាងខ្លាំងនោះគឺ ការបាញ់ប្រហារទៅលើ ក្រុមសហគមន៍ជនជាតិជ្វីហ្វ(អីស្រាអែល) រស់នៅអាមេរិក ។ នៅពេលនេះដែរមានករណីបាញ់ប្រហារ បន្តកើតឡើង នៅក្នុង រដ្ឋ ផ្លរីដា បណ្តាលឲ្យមនុស្សស្លាប់ ២នាក់និង ៤នាក់រងរបួស ។
សារព័ត៌មាន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ បានផ្សាយថា បុរសម្នាក់បាត់បង់ជីវិតដោយសារធ្វើអត្តឃាតខ្លួនឯង បន្ទាប់ពីរូបគេបានបង្កការបាញ់ប្រហារទៅលើមនុស្សក្នុងទីក្រុង តាល់ឡាហាស្ស៊ី (Tallahassee) នៃរដ្ឋផ្លូរីដា ភាគអាគ្នេយ៍សហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង ០៤នាក់រងរបួស។
អគ្គមេបញ្ជាការប៉ូលិសទីក្រុង Tallahassee លោក ម៉ៃ ឃើលលីអូ (Michael DeLeo) បានថ្លែងថា មនុស្ស ០៤នាក់ ដែលបានទទួលរងរបួសក្រោយករណីបាញ់ប្រហារនោះ កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត ខណៈក្រុមគ្រូពេទ្យកំពុងធ្វើការសង្គ្រោះបន្ទាន់ដល់ពួកគេ។ ការបាញ់ប្រហារបានកើតឡើងនៅលើក្លឹបហាត់យូហ្គា នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មតូចមួយក្នុងទីក្រុង Tallahassee។
គួរបញ្ជាក់ថា តាមសម្តីរបស់មន្ត្រីប៉ូលិសនៅកន្លែងកើតហេតុ ការបាញ់ប្រហារនេះទំនងជាបង្កឡើងដោយសារជម្លោះ ទើបជនបង្កក្រោយធ្វើការបាញ់រះហើយ បានទាញកាំភ្លើងមកបញ្ចប់ជីវិតខ្លួនឯង។ យ៉ាងណាក៏ដោយអត្តសញ្ញាណនៃជនសង្ស័យរូបនេះ មិនទាន់ត្រូវបានបញ្ជាក់នោះឡើយ ដោយប៉ូលិសទីក្រុង Tallahassee នៃរដ្ឋផ្លូរីដា កំពុងធ្វើការស៊ើបអង្កេតបន្តទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close