ឆ្នាំ២០២១ កន្លងទៅ! ពលករខ្មែរជាង ៤ពាន់នាក់ ត្រូវបានអាជ្ញាធរថៃបញ្ជូនមកកម្ពុជាវិញ តាមច្រកអន្តរជាតិប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ តាមរបាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ក្នុងសន្និបាតបូកសរុបលទ្ធផលការងាឆ្នាំ២០២១ និងលើកទិសដៅបន្តឆ្នាំ២០២២ បានបញ្ជាក់ថា ក្នុងឆ្នាំ២០២១ ពលករខ្មែរជាង ៤.០០០នាក់ ដែលឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ហើយត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកកម្ពុជាវិញ តាមច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងរបាយការណ៍បានបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០២១ សម្រាប់ខេត្តបន្ទាយមានជ័យ មានពលរដ្ឋខ្មែរធ្វើចំណាកស្រុកចំនួនជាង ៦៣.០០០នាក់ ក្នុងនោះមានកុមារចំនួនជាង ៧.០០០នាក់ និងព្រះសង្ឃចំនួន ៩អង្គ ផងដែរ។
ក្នុងនោះអាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរឆ្លងដែនខុសច្បាប់ តាមច្រកអន្តរជាតិប៉ោយប៉ែតមានចំនួន ៣៤១លើក សរុបចំនួន ៤.៦៩២នាក់ (ស្រីចំនួន ២.១៩៨នាក់ និងកុមារចំនួន ៤៥៩នាក់) ដោយពិនិត្យឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៤៩នាក់ (ស្រី១៩នាក់)។
សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យក្នុងឆ្នាំ២០២១ តាមច្រកមួយចំនួនដូចជា ច្រកបឹងត្រកួន ច្រកប៉ោយប៉ែត ច្រកអូរបីជាន់ និងច្រកស្រុកម៉ាឡៃជាដើម មានសកម្មភាពពលករឆ្លងដែនមកពីប្រទេសថៃរាល់ថ្ងៃ ធ្វើឱ្យអាជ្ញាធរខេត្ត ពង្រីកនូវមណ្ឌលចត្តាឡីស័ក ឬមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ជាច្រើនកន្លែង។ ក្នុងអំឡុងនេះដែរ ក៏មានសកម្មភាពលួចឆ្លងដែនខុសច្បាប់ ហើយត្រូវបានអាជ្ញាធរកម្ពុជា និងថៃចាប់បញ្ជូនមកវិញ។ ចំពោះមេខ្យល់ដែលជាអ្នកនាំផ្លូវមួយចំនួន ត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។