លោកអេម៉ានុយអែល ម៉ាក្រុង៖« បារាំងមានមោទនភាពខ្លាំងណាស់ដែលនូវែលកាឡេដូនីបន្តស្ថិតក្នុងអធិបតេយ្យរបស់បារាំង »
នៅក្នុងទឹកដីនូវែលកាឡេដូនី លទ្ធផលនៃបោះឆ្នោតប្រជាមតិទាមទារឯករាជ្យនាថ្ងៃអាទិត្យ ទី៤ វិច្ឆិកាឲ្យដឹងថា សម្លេងអ្នកមិនចង់បានឯករាជ្យផ្តាច់ខ្លួនចេញពីបារាំងមានជាង ៥៦% ទល់នឹងសម្លេងចង់បានឯករាជ្យដែលមានជាង ៤៣%។
«លោកប្រធានាធិបតីបារាំងអេម៉ានុយអែល ម៉ាក្រុងបានបញ្ចេញប្រតិកម្មភ្លាមៗតាមកញ្ចក់ទូរទស្សន៍ពីវិមានប្រធានាធិបតី។ នៅក្នុងសារ លោកម៉ាក្រុងបានសម្តែងមោទនភាពដែលពលរដ្ឋនូវែលកាឡេដូនីបានសម្រេចចិត្តបន្តរួមរស់ជាមួយបារាំង។បឋមខ្ញុំចង់និយាយថា មោទនភាពដ៏ធំធេងដែលយើងបានសហការណ៍រួមគ្នាក្នុងការរៀបចំបោះឆ្នោតប្រជាមតិជាប្រវត្តិសាស្រ្តពេលនេះ។ ខ្ញុំក៏ចង់និយាយផងដែរ ពីមោទនភាពរបស់ប្រមុខរដ្ឋដែលបានឃើញពលរដ្ឋនូវែលកាឡេដូនីភាគច្រើនបោះឆ្នោតជ្រើសយកប្រទេសបារាំង។ សម្រាប់យើង វាជាសក្ខីកម្មមួយដែលបញ្ជាក់ពីការផ្តល់ជំនឿទុកចិត្តនៅក្នុងសាធារណរដ្ឋបារាំង និងនៅក្នុងអនាគតរបស់ខ្លួន។
មោទនភាពនេះ ម្នាក់ៗអាចទទួលយកបាន និងចែករំលែកបាន។ ថ្ងៃនេះ អ្នកចាញ់មានតែមួយគត់ គឺការព្យាយាមមាក់ងាយ បំបែកបំបាក់ បំភិតបំភ័យ និងហិង្សា។ ចំណែកអ្នកឈ្នះវិញ គឺនីតិវិធីក្នុងគោលដៅសន្តិភាពដែលនូវែលកាឡេដូនីទទួលបានតាំងពី ៣០ឆ្នាំ ស្មារតីនៃកិច្ចសន្ទនាដែលនឹងគ្មានអ្វីអាចចូលរារាំងបានទៀតឡើយ និងស្មារតីនៃការទទួលខុសត្រូវដែលនាំពលរដ្ឋនូវែលកាឡេដូនីប្រុស ស្រីឲ្យចូលរួមបោះឆ្នោតដ៏ពិសេសមួយពេលនេះ។
ខ្ញុំយល់ពីការខកចិត្តខ្លាំងរបស់ក្រុមដែលមានឆន្ទៈចង់បានឯករាជ្យ ហើយពួកគេក៏បានបញ្ចេញមតិរបស់ខ្លួនតាមរយៈការបោះឆ្នោតដែរ។ ខ្ញុំចង់ឆ្លៀតឱកាសនេះដើម្បីនិយាយប្រាប់ពួកគេថា រដ្ឋបារាំងបានសន្យាចំពោះនូវែលកាឡេដូនីក្នុងរយៈពេលយូរដើម្បីធានាភាពថ្លៃថ្នូរសម្រាប់គ្រប់និន្នាការទាំងអស់នៃសង្គមនៅជុំវិញតម្លៃសេរីភាព សមភាព និងភាតរភាព »៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។