រុស្ស៊ី បញ្ជាក់ថាបានបាញ់អង់ទែនទូរទស្សន៍អ៊ុយក្រែន
នៅថ្ងៃទី ២ខែមីនា ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថាកម្លាំងទាហានប្រទេសនេះបានវាយប្រហារទៅលើអង់ទែនទូរទស្សន៍នៅក្នុងទីក្រុងកៀវ និងទីតាំងសំខាន់ៗជាច្រើនទៀត។ ការវាយប្រហារពីដែនអាកាសពីសំណាក់ទាហារុស្ស៊ី ធ្វើឲ្យអាក់ខានការផ្សាយ បើទោះបីបង្គោលអង់ទែន មិនរងការខូចខាតក្តី។
សារព័ត៌មាន AFP បានផ្សាយថា មានសំឡេងផ្ទុះយ៉ាងខ្លាំង នៅទូទាំងរដ្ឋធានី កៀវ ដោយមានផ្សេងខ្មៅជាច្រើនកន្លែងនៅក្នុងខណ្ឌ Babi Yar ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែន បានប្រកាសថា មានសម្ភារជាច្រើនរងការខូខាតហើយបណ្តាញទូរទស្សន៍ ក៏ត្រូវផ្អាកការផ្សាយមួយរយៈផងដែរ ។
ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា បានបើកការវាយប្រហារទៅលើគោលដៅនៃក្រសួងចារកិច្ចរបស់អ៊ុយក្រែន និង ទីតាំងធ្វើសង្គ្រាមព័ត៌មាន សង្គ្រាមចិត្តសាស្ត្រ ក្នុងរដ្ឋធានី កៀវ។ មុនពេលវាយប្រហារទាហានរុស្ស៊ីក៏បានស្នើដល់ពលរដ្ឋដែលរស់នៅក្បែរទីទាំង ក្រសួងចារកិច្ច និង ក្រសួងព័ត៌មាន ភៀសខ្លួនចេញពីផ្ទះទៅកាន់តំបន់មានសុវត្ថិភាព។ រុស្ស៊ីបានប្រើប្រាស់មីស៊ីលដែលវាយប្រហារចំគោលដៅខ្ពស់ដើម្បីបញ្ចៀសការខូចខាតច្រើនទាំងទ្រព្យសម្បត្តិនិងអាយុជីវិត។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានបញ្ជាក់ថា សង្គ្រាមវាយប្រហារអ៊ុយក្រែននឹងនៅតែបន្តរហូតដល់សម្រេចបានគោលដៅ នៅក្នុងប្រទេសអ៊ុយក្រែន ។ រុស្ស៊ីនឹងមិនបោះបង់នោះឡើយ បើទោះបីត្រូវប្រឈមនឹងបញ្ហាជាច្រើន ពីការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។