អគ្គិភ័យឆេះតូបលក់សាំងនៅមុខផ្សារលើខេត្តព្រះសីហនុ បំផ្លាញរថយន្ដអស់៤គ្រឿង និងរ៉ឺម៉ក់ម៉ូតូកង់បី១គ្រឿង
នៅវេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ អគ្គិភ័យឆេះនៅមុខផ្សារលើ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានរលត់ទៅវិញហើយ។ ករណីនេះមិនមែនឆេះផ្ទះឡើយ គឺឆេះតូបលក់សាំងនៅតាមផ្លូវ រួចបន្ដរាលដាលទៅឆេះរថយន្ដដែលនៅក្បែរនោះ។
សមត្ថកិច្ចបានឲ្យដឹងថា ដំបូងឡើយអគ្គិភ័យនេះផ្ដើមចេញពីឆេះនៅតូបលក់សាំង ដោយមានរ៉ឺម៉ក់មួយគ្រឿង បានចូលទៅចាក់ប្រេង ដោយម្ចាស់ម៉ូតូបានជក់បារីនាំឲ្យឆាប ទើបបង្កជាអគ្គិភ័យ រួចប្រេងបានហូរមកតាមផ្លូវ បន្ដឆេះរាលដាលលើរថយន្ដដែលចតនៅមុខផ្សារ ចម្ងាយពីតូបលក់ប្រេងប្រមាណ៥០-៦០ម៉ែត្រ និងប៉ុស្ដិ៍ប្រែសណីយ៍ ដែលនៅក្បែរនោះតែម្ដង។
ក្រោយមានកិច្ចអន្ដរាគមន៍ពីកម្លាំងសមត្ថកិច្ច សហការជាមួយក្រុម៧១១ ដែលប្រចាំការនៅសាលាសង្គ្រោះមិត្តភាព កម្ពុជា-ជប៉ុន អគ្គិភ័យនេះបានរលត់ទៅវិញទាំងស្រុង ដោយបានបំផ្លាញរថយន្ដអស់ចំនួន៤គ្រឿង និងរ៉ឺម៉ក់កង់បីមួយផងដែរ។
តាមសមត្ថកិច្ច អគ្គិភ័យនេះមិនបណ្ដាលឲ្យពលរដ្ឋណាម្នាក់ រងគ្រោះថ្នាក់នោះទេ។
យ៉ាងណាក៏ដោយ ជុំវិញករណីគ្រោះអគ្គិភ័យនេះ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាឲ្យកម្លាំងជំនាញពាក់ព័ន្ធទាំងអស់ ស្រាវជ្រាវចំពោះម្ចាស់ទីតាំងដែលបើកអាជីវកម្មលក់ប្រេង ដើម្បីឲ្យទទួលខុសច្បាប់ចំពោះមុខច្បាប់ តែម្ចាស់ទីតាំងនេះបានរត់គេចខ្លួនភ្លាមៗក្រោយកើតហេតុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។