នាយកដ្ឋាន​ច្រកទ្វារ​ទី​១ រៀបចំ​ពិធី​ផ្ទេរ​ភារកិច្ច​មុខតំណែង​អនុប្រធាននាយកដ្ឋាន​

​ខេត្ត​ប៉ៃលិន​៖​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​៩​រោច​ខែអស្សុជ​ព​.​ស​២៥៦៤​ត្រូវ​នឹង​ថ្ងៃទី​០២​ខែវិច្ឆិកា​ឆ្នាំ​២០១៨​ម្សិលមិញ​នេះ​នៅ​នាយកដ្ឋាន​ច្រកទ្វារ​

ទី​១​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​បានរៀបចំ​ពិធី​ផ្ទេរ​ភារកិច្ច​មុខតំណែង​អនុប្រធាននាយកដ្ឋាន និង​ជា​នាយ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រំ​លោក​ឧ​ត្ត​ម​សេនីយ៍ សួស សុខ​ដា​រ៉ា និង​ត្រូវ​ជំនួស​ដោយ​លោក​វរសេនីយ៍ឯក​ផាត់​វិ​រៈ​។​

​ពិធី​នេះ​ប្រារព្ធ​ឡើង​ក្រោម​វត្តមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ជា​ធា​អគ្គនាយករង​អន្តោប្រវេសន៍​។​ទោះជា​យ៉ាង​ក៏ដោយ​នៅក្នុង​នោះ​ផងដែរ​ខណៈ​មានការ​ផ្ទេរ​ឬដ​កលោក​ឧ​ត្ត​ម​សេនីយ៍​សួស​សុខ​ដា​រ៉ា​ចេញ​អ្នកស្រុក​ប៉ៃលិន​បាន​សាទរ​ភ្លូកទឹកភ្លូកដី​។​គួរ​រំលឹក​ផងដែរ​ថា​ទំនិញគេចពន្ធ​ទំនិញ​ខុសច្បាប់​អាហារ​ខូចគុណភាព​ហូរ​ចូល​ប្រទេស​កម្ពុជា​ពី​ស្រុក​សៀម​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ ស្ថិតនៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន យ៉ាង​អនាធិបតេយ្យ​ដោយ​គ្មាន​ការបង្ក្រាប​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​ដូចជា​លោក សួស សុខ​ដា​រ៉ា​នៅ​ទីនោះ​ឡើយ​។​នៅ​តំបន់​ព្រំដែន ក្បែរ​ច្រកទ្វារ​អន្តរជាតិ​ព្រំ បាន​រិះគន់​យ៉ាងខ្លាំង ដល់​មន្ត្រីនគរបាល​អ​ន្តោ​ប្រវេសន៍ ប្រចាំការ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ដែល​បាន​ឃុបឃិត ជាមួយ​ក្រុម​ឈ្មួញ​នាំចូល​ហ្គាស យ៉ាង​អនាធិបតេយ្យ ដោយ​ពុំមាន ការត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​។

​បើតាម​ប្រជាពលរដ្ឋ​គេ​និយាយថា ក្នុង​មួយថ្ងៃៗ មាន​រថយន្ត​ថៃ ប្រភេទ​តូ​យូ​តា​ឃ្លុប ប្រើ​កញ្ចក់​ខ្មៅ ចំនួន ៤​ទៅ​៥ គ្រឿង ដឹក​ហ្គាស​ចំនួន​ពី ៧​ទៅ​១០ ជើង ដោយ​រថយន្ត ១​គ្រឿងៗ ដឹក​ធុង​ហ្គាស​ចាប់ពី ៣​ទៅ​៥ ធុង មាន​ទម្ងន់​ពី ៥០០ ទៅ​៦០០ គីឡូក្រាម​។​ក្រៅពីនេះ​ទំនិញ​ខុសច្បាប់ ច្រើន​ប្រភេទ​ទៀត​ត្រូវបាន​នាំចូល​យ៉ាង​គគ្រឹកគគ្រេង ហាក់ដូចជា មិនឃើញ​មាន​បង់ពន្ធ ជូន​រដ្ឋ​នោះឡើយ ដែល​ធ្វើ​ឲ្យ​មានការ​សង្ស័យថា​ប្រហែលជា​មន្ត្រី​គយ និង​នគរបាល​អន្តោប្រវេសន៍ ដែល​គ្រប់គ្រង​នៅ​ទីនោះ សុទ្ធតែ​បាន​ផលប្រយោជន៍ ពី​អំពើ​ខុសច្បាប់ ទើប​ធ្វើ​មិនដឹងមិនឮ បណ្តោយ​ឲ្យ​រថយន្ត ដឹកទំនិញ​គេចពន្ធ ចូលមក​ទឹកដី​ខ្មែរ ដោយ​មិនបាន​ត្រួតពិនិត្យ បន្តិច​នោះ ចាំតែ​លាដៃ​យកប្រាក់ ដាក់​ហោប៉ៅ​ប៉ុណ្ណោះ​។ ប្រជាពលរដ្ឋ​បាន​បន្តទៀតថា ហ្គាស​ទាំងនេះ​ភាគច្រើន ជា​របស់​អ្នក​ដែលមាន​ឥទ្ធិពល នៅ​តំបន់​នេះ ហើយ​គេ​ត្រូវរ៉ូវ​គ្នា ជាមួយ​មេ​គយ និង​មេ​នគរបាល អន្តោប្រវេសន៍ ប្រចាំ​ច្រក​នេះ ថែម​ទៀតផង​។​

​សូមបញ្ជាក់​ផងដែរ​ថា​លោក សួស សុខ​ដា​រ៉ា ធ្លាប់​ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ក្រសួងមហាផ្ទៃ​កោះហៅ និង​ព្រមាន​ម្តង​ជា​ពីរដង​រួចមកហើយ កាល​អតីត​នៅ​កាន់​ជា​មេ​អន្តោប្រវេសន៍​ច្រកទ្វារ​ចាំ​យាម ខេត្តកោះកុង ពីបទ​ឃុបឃិត និង​ពាក់ព័ន្ធ និង​អំពើពុករលួយ​។​លោក​សួស សុខ​ដា​រ៉ា អតីត​ជា​នាយប៉ុស្តិ៍ នគរបាល ច្រកទ្វារព្រំដែន​អន្តរជាតិ​ចាំ​យាម ត្រូវបានតែងតាំង ជា​នាយ​នគរបាល ច្រកទ្វារព្រំដែន អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៤ ដោយ​យោងតាម​ប្រកាស របស់​ក្រសួងមហាផ្ទៃ​លេខ​១៧៤៩ ប្រក ចុះ​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៤​។ លោក សួស សុខ​ដា​រ៉ា​ជា​មន្ត្រីប៉ូលិស​ដែល​ធ្លាប់ មាន​ជំនាញ​កេណ្ឌ​ប្រមូល ក្រុម​ឈ្មួញ​ដែល​រកស៊ី នាំចូល​ទំនិញគេចពន្ធ​ធំៗ​ឲ្យ​ចូល​តាម​ច្រក​ដែល​គាត់​គ្រប់គ្រង​ក្នុងអំឡុង​ពេលដែល​ធ្វើជា​ប្រធាន​ច្រក​ចាំ​យាម​និង​ច្រក​ព្រំ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close