ក្រសួងការបរទេសកម្ពុជាបកស្រាយករណីកម្ពុជា​ចូលរួម​ជា​សហស្ថាបនិក នៃសេចក្តីសម្រេចចិត្ត​របស់អង្គការ​សហប្រជាជាតិពាក់ព័ន្ធស្ថានការណ៍នៅអ៊ុយក្រែន

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២នេះ បានសេចក្តីថ្លែងការណ៍មួយបញ្ជាក់ថា ប្រទេសកម្ពុជាបានចូលរួមជាសហស្ថាបនិក នៃសេចក្តីសំរេចចិត្ត នៃកិច្ចប្រជុំពិសេសបន្ទាន់របស់ មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីស្ថានការណ៍នៅអ៊ុយក្រែន ដែលធ្វើឡើងកាលពីយប់ថ្ងៃទី០២ ខែមីនា ម្សិលមិញ។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា «នៅក្នុងកិច្ចប្រជុំនោះ កម្ពុជាបានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពធ្ងន់ធ្ងរនៃស្ថានការណ៍ ដែលកំពុងតែកើនឡើង និងលក្ខខណ្ឌមនុស្សធម៌កាន់តែអាក្រក់ឡើង ដែលបណ្តាលមកពីអារិភាពយោធា ដែលកំពុងបន្តកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន»។

កម្ពុជាមានជំនឿចំពោះកិច្ចសន្ទនា និងការទូត ដើម្បីទប់ស្កាត់ស្ថានការណ៍កុំឱ្យចេញផុតពីការគ្រប់គ្រង និងដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។

«ជាមួយនឹងការយោគយល់ដល់ការបារម្ភនៃសន្តិសុខដែលពាក់ព័ន្ធ កម្ពុជារក្សាជំហរម៉ឺងម៉ាត់របស់ខ្លួនថា រដ្ឋជាសមាជិកទាំងអស់ត្រូវតែគោរពអធិបតេយ្យភាព បូរណភាពដែនដី និងឯករាជ្យភាពនយោបាយរបស់រដ្ឋជាសមាជិកផ្សេងទៀត»។

សូម​បញ្ជាក់ថា អង្គការសហប្រជាជាតិ បានរៀបចំមហាសន្និបាតជាបន្ទាន់មួយ កាលពីម្សិលមិញ ដើម្បីរៀបចំការបោះឆ្នោត លើសេចក្តីសម្រេចមួយថ្កោលទោស និងទាមទារឱ្យរុស្ស៉ីដកកងទ័ពចេញពីអ៊ុយក្រែន។ ក្នុងចំណោមប្រទេស១៨១ មាន១៤១ប្រទេសបានបោះឆ្នោតគាំទ្រសេចក្តីសម្រេចនេះ ៥ប្រទេសមិនគាំទ្រ ខណៈ៣៥ប្រទេសអនុបវេទ។ កម្ពុជាស្ថិតនៅក្នុងចំណោម១៤១ប្រទេស ដែលគាំទ្រចំពោះសេចក្តីសម្រេចនេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close