រដ្ឋមន្ត្រីការបរទេសអាស៊ាន អំពាវនាវឱ្យមានបទឈប់បាញ់នៅអ៊ុយក្រែន

តាមរយៈសេចក្តីថ្លែង​ការណ៍​ចេញផ្សាយ​កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ​២០២២ រដ្ឋមន្រ្តីការបរទេស​អាស៊ាន បានសម្តែង​ការព្រួយ​បារម្ភ​ចំពោះ​ស្ថានការណ៍​ដែល​កាន់តែធ្ងន់ធ្ងរ និង​ស្ថានភាព​មនុស្ស​ធម៌​ដែល​ធ្លាក់ចុះ​កាន់តែដុនដាប ដែលបណ្តាល​មក​ពីអរិភាពយោធា​ដែលកំពុង​បន្ត​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន និងបានធ្វើការ​អំពាវនាវ​ឱ្យ​មានបទឈប់បាញ់​ជាបន្ទាន់ ឬកិច្ច​ព្រមព្រៀងឈប់បាញ់ និង​ការ​បន្ត​ការ​សន្ទនានយោបាយ​ដែល​នឹងនាំ​ទៅ​រកសន្តិភាពប្រកបដោយ​ចីរភាព​នៅអ៊ុយក្រែន។

បើតាម​សេចក្តីថ្លែងការណ៍ បទឈប់បាញ់ មានសារៈសំខាន់ដើម្បី​បង្កើត​បរិយាកាស​អំណោយផល​សម្រាប់​ការ​ចរចាដើម្បី​រកដំណោះស្រាយ​វិបត្តិបច្ចុប្បន្ន និង​ជៀសវាង​ការ​ឈឺចាប់​របស់ប្រជាជន​ស្លូតត្រង់ ដែលកាន់តែកើនឡើង។

ដោយ​រំលឹក​ឡើងវិញ​នូវ​សេចក្តី​ថ្លែង​ការណ៍​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ​២០២២ រដ្ឋមន្រ្តីការបរទេស​អាស៊ាន បានបញ្ជាក់នូវ​ការ​ជឿជាក់ថា នៅតែមានឱកាស​នៃការ​សន្ទនា​ដោយសន្តិវិធី ដើម្បី​គ្រប់គ្រង​បាននូវ​ស្ថានការណ៍ និង​បញ្ឈប់​ការ​កើន​ឡើង នៃការ​បាត់បង់​ជីវិត និង​របួស​ជនស៊ីវិល និងយោធា ព្រមទាំង​ផលប៉ះពាល់​អវិជ្ជមាន​ដែលកើត​មាន​នៅ​ទូទាំង​ពិភពលោក។

ក្នុងន័យនេះ អាស៊ានបានត្រៀម​ខ្លួន​រួចជា​ស្រេច​ក្នុង​ការ​សម្របសម្រួល​កិច្ច​សន្ទនា​ដោយសន្តិវិធី​ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធតាម​គ្រប់​មធ្យោបាយ​ដែលអាច​ធ្វើ​ទៅ​បាន។

គួរ​បញ្ជាក់ថា សេចក្តីថ្លែង​ការណ៍​របស់រដ្ឋមន្រ្តីការបរទេស​អាស៊ាន​នេះ បានធ្វើ​ឡើង​ចំពេល​ដែល​ អ៊ុយក្រែន និងរុស្ស៊ី បានធ្វើ​ការ​ចរចារគ្នាជាលើកទី២ នៅក្បែរព្រំដែនក្នុងប្រទេសបេរ៉ូ ។ កិច្ចចរចារលើកទី២ ដែលបានធ្វើ​ឡើង​ជា​ច្រើន​ម៉ោង បានឈានទៅរកកិច្ចព្រមព្រៀង​ដ៏សំខាន់​មួយ នោះ​គឺ អ៊ុយក្រែន និង​រុស្ស៊ី បានយល់ព្រម​លើ​ការ​បើក​ច្រក​មនុស្ស​ធម៌ ដើម្បីជម្លៀសជនស៊ីវិល។ យ៉ាងណាក៏ដោយ បើតាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មានបរទេស ការចរចាររវាង​អ៊ុយក្រែន និងរុស្ស៊ី​ នៅ​មិន​ទាន់បញ្ចប់នៅ​ឡើយទេ ដោយ​ភាគីទាំងពីរ​គ្រោងធ្វើការ​ចរចារជុំទី៣ នៅពេលឆាប់ៗនេះទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close