កិច្ចចរចាជុំទី២! រុស្ស៊ី និងអ៊ុយក្រែន ព្រមព្រៀងគ្នា បង្កើតច្រករបៀងមនុស្សធម៌ ដើម្បីជួយជនស៊ីវិល ឱ្យរួចផុតពីសង្គ្រាម
កៀវ៖ រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នា កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះលើតម្រូវចាំបាច់ក្នុងការបង្កើតច្រករបៀងមនុស្សធម៌ ដើម្បីជួយជនស៊ីវិល ឱ្យរួចផុតពីសង្គ្រាដែលអូសបន្លាយអស់៨ថ្ងៃមកនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី៤ ខែមីនា ឆ្នាំ២០២២។
នេះជាវឌ្ឍនភាពដែលសម្រេចបានជាលើដំបូង បន្ទាប់ពីប្រទេសរស្ស៉ី និងអ៊ុយក្រែនបើកកិច្ចចរចា ខណៈសហរដ្ឋអាមេរិក និងអង់គ្លេសបានដាក់ទណ្ឌកម្ម បន្ថែមទៅលើមហាសេដ្ឋីធំៗរបស់រុស្ស៊ី ដែលមានឥទ្ធិពលលើនយោបាយ។
យ៉ាងណាក៏ដោយ កងកម្លាំងរុស្ស៊ីបានបន្តឡោមព័ទ្ធ និងវាយប្រហារទីក្រុងនានារបស់អ៊ុយក្រែន រួមទាំងទីក្រុង ម៉ារីយូប៉ូល (Mariupol) ដែលជាកំពង់ផែ ដ៏សំខាន់មួយនៅភាគខាងកើត និងកំពុងរងការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ។ ក្រុមមន្ត្រីអ៊ុយក្រែនបាននិយាយថា ពួកគេមិនទាន់អាចជម្លៀស អ្នករបួសបានទេដោយសារវាយប្រហារនៅតែបន្តធ្វើឡើង។
បន្ទាប់ពីការចរចា រុស្ស៊ីបានសង្កត់ធ្ងន់ថាវឌ្ឍនភាពជាច្រើនត្រូវសម្រេចបាន ខណៈពេលដែលភាគីអ៊ុយក្រែនបានចង្អុលបង្ហាញអំពីការជួយប្រជាជនស៉ីវិល ប៉ុន្តែមិនទទួលបានលទ្ធផលដែលទីក្រុងកៀវ រំពឹងទុកនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។