ក្រសួងពាណិជ្ជកម្ម បានបោះមួយជំហានទៀត ក្នុងវិស័យឌីជីថល នឹងដាក់ឱ្យប្រើប្រាស់ តាមរយៈការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រសួងពាណិជ្ជកម្មកំពុងតែរៀបចំដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ប្រព័ន្ធគ្រប់គ្រងធនធានមនុស្សរបស់ក្រសួងពាណិជ្ជកម្ម តាមរយៈការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកជំនួសវិញ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងភាពងាយស្រួលក្នុងការគ្រប់គ្រងមន្ត្រីរាជការរបស់ក្រសួងពាណិជ្ជកម្ម។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងបែបនេះ នាឱកាសដែល ឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំស្តីពី “ការដាក់ឱ្យប្រើប្រាស់ MOC Web Portal និងប្រព័ន្ធគ្រប់គ្រងធនធានមនុស្សរបស់ក្រសួងពាណិជ្ជកម្ម” ដែលបានរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ ឯកឧត្តមប្រធាននាយកដ្ឋាន និងលោក លោកស្រី ដែលជាមន្ត្រីរាជការក្រសួងពាណិជ្ជកម្មជាច្រើនរូប។
ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ក្រសួងពាណិជ្ជកម្ម បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យឌីជីថល ជាក់ស្ដែងក្រសួងបានដាក់ឱ្យដំណើរការជាបណ្ដោះអាសន្ននូវមជ្ឈមណ្ឌលទិន្ន័យថ្មី កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ដើម្បីធានាឱ្យបាននូវការប្រើប្រាស់ប្រពន្ធ័ស្វ័យប្រវត្តកម្ម (Online Service) របស់ក្រសួងពាណិជ្ជកម្មកាន់តែមានប្រសិទ្ធភាព និងសុវត្ថភាពខ្ពស់ ដែលប្រព័ន្ធទាំងនេះកំពុងមានការប្រើប្រាស់យ៉ាងទូលំទូលាយពីអ្នកទទួលសេវា។ ប្រព័ន្ធស្វ័យប្រវត្តកម្មទាំងនេះ រួមមាន៖ ប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្ម ប្រព័ន្ធចេញវិញ្ញាបនបត្រប្រភពដើមទំនិញ ប្រព័ន្ធចុះបញ្ជីម៉ាក និងប្រព័ន្ធប្រតិបត្តិការដែលមានកិច្ចធានា ជាដើម។
ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា បន្ថែមពីលើប្រពន្ធ័ស្វ័យប្រវត្តកម្មទាំងនេះ ក្រសួងពាណិជ្ជកម្ម បានឈានមួយជំហានទៀតក្នុងវិស័យឌីជីថល ដោយនឹងរៀបចំដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអនឡាញមួយចំនួនទៀត រួមមាន៖ ប្រព័ន្ធគ្រប់គ្រងធនធានមនុស្សរបស់ក្រសួងពាណិជ្ជកម្ម (MOC HR System – Vitual Office) ផ្សារក្រសួងពាណិជ្ជកម្ម (Phsar MOC) និងការប្រើប្រាស់ Power BI (Business Intelligence) ដើម្បីវិភាគទៅលើការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាដើម។
ប្រព័ន្ធអនឡាញថ្មីទាំងនេះ ត្រូវបានគ្រប់គ្រងដោយ MOC Web Portal ដែលត្រូវបានធ្វើការអភិវឌ្ឍន៍ដោយមន្ត្រីបច្ចេកទេសរបស់ក្រសួងផ្ទាល់ និងរក្សាទុកនៅក្នុងមជ្ឈមណ្ឌលទិន្ន័យថ្មីរបស់ក្រសួងពាណិជ្ជកម្មតែម្ដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។