អភិបាលខណ្ឌមួយ ត្រូវពលរដ្ឋរិះគន់ រឿងបណ្តោយឱ្យអាជីវកម្មដឹកខ្សាច់បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ
(ភ្នំពេញ) ៖ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ បានធ្វើការរិះគន់ចំៗចំពោះលោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ ដែលមិនយកចិត្តទុកដាក់ ឬមិនមានវិធានការ ក្នុងការគ្រប់គ្រងរថយន្តធន់ធំដឹកខ្សាច់ ដោយបណ្តោយឱ្យអាជីវកម្មប្រភេទនេះ បង្កផលប៉ះពាល់ដល់ផ្លូវសាធារណៈ និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន រួមទាំងប្រជាពលរដ្ឋជាអ្នកដំណើរ។
ពលរដ្ឋថា ផលប៉ះពាល់ដោយសារអាជីវកម្មដឹកខ្សាច់នេះ មិនមែនជារឿងថ្មីៗទេ ពោលវាកើតឡើងជាយូរណាស់មកហើយ ប៉ុន្តែអាជ្ញាធរខណ្ឌ មិនអើពើដោះស្រាយបញ្ហានេះឡើយ។ ពលរដ្ឋបញ្ជាក់ថា កន្លងមករហូតទល់ពេលបច្ចុប្បន្ននេះ បញ្ហារថយន្តធន់ធំដឹកខ្សាច់ មិនត្រឹមតែបង្កការលំបាកសម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ជារួមដល់ប្រជាពលរដ្ឋជាអ្នកដំណើរឆ្លងកាត់ផ្លូវជាតិលេខ៥ ចាប់ពីគីឡូម៉ែត្រ០៩ រហូតដល់ស្ពានលីយ៉ុងផាត់ មូលដ្ឋានសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
បញ្ហាលំបាក គឺដោយសារតែ ទីតាំងអាជីវកម្មខ្សាច់ជាច្រើនកន្លែងក្នុងមូលដ្ឋាននេះ ឱ្យរថយន្តដឹកដីខ្សាច់ធំៗរាប់សិបគ្រឿងរបស់ខ្លួន ចេញពីទីតាំងរៀងរាល់ថ្ងៃ គ្មានការគ្របឱ្យបានត្រឹមត្រូវនោះទេ បណ្តាលឱ្យធ្លាក់ដីលើផ្លូវសាធារណៈរបស់រដ្ឋ បង្កឱ្យធូលីហុយ ងងឹត អួរអ័ព្វ យ៉ាងខ្លាំង ចូលបាយសម្ល ចូលផ្ទះសម្បែង ប៉ះពាល់ដល់មុខរបររកសុីរបស់ពួកគាត់ ជាពិសេសសុខភាពរស់នៅប្រចាំថ្ងៃ។
ធូលីហុយ ងងឹត អួរអ័ព្វ រួមទាំង ទឹកខួរអណ្តែងហូរចេញពីរថយន្តដឹកដីខ្សាច់ធំៗទាំងនេះធ្លាក់លើផ្លូវ នាំឱ្យុអ្នកដំណើរជាពិសេសអ្នកបើកបរម៉ូតូ ប្រឈមនឹងគ្រោះថ្នាក់ដោយសារការរអិលដួល។ មិនតែប៉ុណ្ណោះ ម្ចាស់រថយន្តដឹកខ្សាច់រាប់សិបគ្រឿងទាំងនេះ តែងតែបើកប្រដេញបន្តកន្ទុយគ្នាជាខ្សែ បង្កគ្រោះថ្នាក់ជាបន្តបន្ទាប់ផងដែរ។
ជុំវិញបញ្ហានេះ យើងមិនទាន់អាចសុំការបំភ្លឺពី លោក ឯក ឃុន ដឿន អភិបាលខណ្ឌឫស្សីកែវ បានទេ ដោយលោកបញ្ជាក់ថា កំពុងជាប់រវល់។
យ៉ាងណាក៏ដោយពលរដ្ឋបានស្នើរសុំទៅដល់អាជ្ញាធរពាក់ព័ន្ធចុះពិនិត្យមើលដងផ្លូវជាតិលេខ៥ ចាប់ពីចំណុចគីឡូម៉ែត្រលេខ០៩ មូលដ្ឋានសង្កាត់ស្វាយប៉ាក រហូតដល់ផ្លូវបត់ចូលមហាវិថីឈ្នះឈ្នះ ព្រោះពលរដ្ឋអ្នករស់នៅអមសងខាងផ្លូវ រួមទាំងអ្នកធ្វើដំណើរ ជួបការលំបាក ដោយសារបញ្ហាបង្កដោយអាជីវកម្មដឹកខ្សាច់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។