ឡោមព័ទ្ធទីតាំងមួយកន្លែង នៅខណ្ឌដូនពេញ ឃាត់ខ្លួនជនបរទេសប្រមាណ ២០ នាក់ សង្ស័យពាក់ព័ន្ធលួចបង្កប់ សេវាកម្មផ្លូវភេទ
(ភ្នំពេញ) ៖ ជនបរទេសប្រុសស្រី ប្រមាណ ២០ នាក់ ត្រូវបានកម្លាំងកងរាជ អាវុធហត្ថ រាជធានីភ្នំពេញ ឃាត់ខ្លួន នៅទីតាំងហាងម៉ាស្សា មួយកន្លែង ដែលមានស្លាក យីហោ ជាអក្សរចិន ប្រែថា «ឈូងសមុទ្រក្រអូប » កាលពីវេលាម៉ោងជាង ១២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយ ផ្លូវលេខ១៧២ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមរបាយការណ៍របស់សមត្ថកិច្ចកងរាជអាវុធហត្ថថា នៅមុនពេលចុះឡោមព័ទ្ធទីតាំងខាងលើ កម្លាំងកងរាជអាវុធហត្ថ បានស្រាវជ្រាវ ដើម្បីកំណត់ឱ្យបានច្បាស់ នូវមុខសញ្ញានៃបទល្មើស រហូតឈានដល់ ការបើកប្រតិបត្តិការ បង្ក្រាបតែម្តង។
ក្រោយពេលប្រតិបត្តិការចប់ កម្លាំងកងរាជអាវុធហត្ថ បាននាំខ្លួនមនុស្សប្រុសស្រីទាំងនេះ ទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំ និងចាត់ការ ទៅតាមនីតិវិធីច្បាប់ ជាបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។