មន្រ្តី ៖ បុរី ឬក្រុមហ៊ុនសំណង់ខ្លះ ប្រកាសពន្ធសាងសង់តែ១០០ល្វែង ប៉ុន្តែជាក់ស្តែងធ្វើដល់ទៅ២០០ល្វែង

ក្នុងសិក្ខា​សាលា​ស្តីពី​កាតព្វកិច្ច​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំ​ឆ្នាំ និង​បទ​ល្មើស​ពន្ធដារ ដែលបានធ្វើ​ឡើង​កាលពី​ចុងសប្តាហ៍​កន្លងទៅនេះ លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូ​អមនាយករដ្ឋមន្រ្តី និង​ជា​អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានលើក​ឡើងថា កន្លង​មក​មានក្រុមហ៊ុនសង់បុរី ឬផ្ទះល្វែងមួយចំនួន ប្រកាសពន្ធថា ធ្វើផ្ទះឬវីឡាតែ១០០ទេ ក៏ប៉ុន្ដែជាក់ស្ដែង ធ្វើរហូតដល់១៥០ ទៅ២០០ផ្ទះ ដោយមិនបង់ពន្ធឱ្យបានត្រឹមត្រូវ។

យ៉ាងណាក៏ដោយ ដើម្បីចាត់វិធានការ​ចំពោះ​ករណីនេះ លោក គង់ វិបុល បានបញ្ជាក់ថា នៅពេលដ៏ខ្លីខាងមុខ អគ្គនាយកដ្ឋានពន្ធដារនឹងដាក់ឱ្យប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រងលេខកូដសម្គាល់អចលនទ្រព្យ ដូចនេះករណីក្រុមហ៊ុនសាងសង់បុរី ឬផ្ទះល្វែង មិនបង់ពន្ធ គឺមិនអាចកាត់ឈ្មោះផ្ទេរកម្មសិទ្ធិបានឡើយ។

«យើងខ្ញុំនឹងរៀបចំនូវប្រព័ន្ធគ្រប់គ្រងនៃអចលនទ្រព្យ នៅពេលដែលសហគ្រាស ដែលសាងសង់ជាបុរី សាងសង់ជាផ្ទះ បើថាអត់បានមកបង់ពន្ធ ហើយអត់មានលេខ Tax QR កូដនោះទេ មានន័យថា មកកាត់ឈ្មោះលក់អត់ចេញទេ»។

បើតាម​ការ​បញ្ជាក់របស់​លោក​អគ្គនាយកពន្ធដា ប្រព័ន្ធគ្រប់គ្រងលេខកូដសម្គាល់អចលនទ្រព្យ អនុវត្តចំពោះក្រុមហ៊ុនសង់បុរី ឬផ្ទះល្វែងនេះ អាចដំណើរការនៅចុងខែមេសា ឬដើមខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ ខណៈបច្ចុប្បន្ន អគ្គនាយកដ្ឋានពន្ធដារ កំពុងអភិវឌ្ឍកម្មវិធីនេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close