សម្តេច ហ៊ុន សែន ប្រាប់ពលរដ្ឋថា កុំឈានហួសរហូតដល់ស្ម័គ្រចិត្តទៅធ្វើទ័ពនៅអ៊ុយក្រែន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសម្ពោធមន្ទីរពេទ្យមួយនៅខេត្តត្បូងឃ្មុំ បានប្រកាស មិនគាំទ្រចំពោះប្រជាពលរដ្ឋខ្មែរដែលចង់ធ្វើជាទ័ពស្ម័គ្រចិត្តជួយប្រយុទ្ធនៅអ៊ុយក្រែននោះឡើយ ដោយថា វាដូចជាការយកសាំងទៅចាក់នៅលើភ្លើង។
សម្តេចតេជោបានកត់សម្គាល់ឃើញថា ពលរដ្ឋកម្ពុជា រួមទាំងក្មេងៗ សុទ្ធតែចាប់អារម្មណ៍ពីបញ្ហានៅអ៊ុយក្រែន ប៉ុន្តែសម្តេចមិនលើកទឹកចិត្តរហូតដល់អនុញ្ញាតពួកគេទៅធ្វើទ័ពនៅអ៊ុយក្រែននោះឡើយ។ សម្តេចពន្យល់ថា វាជារឿងមិនអាចទៅរួច ដោយសារគ្មានអ្វីដែលត្រូវដឹកពួកគេទៅអ៊ុយក្រែនឡើយ ហើយក៏មិនគួរយកសាំងទៅចាក់លើភ្លើងនោះដែរ។
សម្តេច ហ៊ុន សែន បានរំលឹកថា កម្ពុជាចូលអន្តរាគមន៍បានតែក្រោមឆត្រអង្គការសហប្រជាជាតិ ពោលគឺកងកម្លាំងមួកខៀវ តែប៉ុណ្ណោះ។
ទាក់ទងបញ្ហារុស្ស៊ី អ៊ុយក្រែន សម្តេចបានបញ្ជាក់ថា យើងមិនអាចព្រងើយកន្តើយលើការវាយលុយទ្រង់ទ្រាយធំពីប្រទេសមួយទៅប្រទេសមួយទៀតនោះឡើយ។ ជាមួយគ្នានេះ សម្តេចក៏បានបន្តអំពាវនាវឲ្យមានការចរចា ជាពិសេសការចរចាឈានទៅដល់បទឈប់បាញ់នៅហ្នឹងកន្លែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។