បើករថយន្ត​​ចាក់​ធុងបាស់លឺខ្លាំងពេក សមត្ថកិច្ច​ឃាត់យក​មក​អប់រំ

យុវជន​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​យក​មក​អប់រំ ក្រោយ​ពី​រូបគេ​បាន​បើករថយន្ត​ហ្វូ​ត​មួយ​គ្រឿង​តាម​ផ្លូវ ដោយ​មាន​ដាក់​ធុងបាស់​ពីក្រោយ បង្ករជាសំឡេង​រំខាន​ដល់​អ្នកស្រុក និងធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ។

បើ​តាម​មន្ត្រី​ការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ថា អ្នកបើកបរ​ចាក់​ធុងបាស់ ឬ​បំពង់​សំលេង​ក្រោយ​រថយន្ត ខណៈ​ពេល​បើកបរ​នោះ មានឈ្មោះ ផល ចិ​ន្ត្រា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​គយ​ម៉ែ​ង ស្រុក​មង្គល​បូ​រី​។

មន្ត្រី​នគរបាល​រូប​នោះ បាន​បញ្ជាក់​ថា កាលពីថ្ងៃទី៥ ខែមីនា ខណៈ​ពេលដែលសមត្ថកិច្ច​កំពុង​ល្បាត ក៏បានឃើញ​រថយន្ត​ម៉ាក​ហ្វូ​ត​១​គ្រឿង ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ 2E.9756 បាន​បើកបរ​រថយន្ត​តាម​ផ្លូវ ហើយ​ថែម​ទាំង​បើក​បំពង់​សំលេង​ដែល​ដាក់​ធុងបាស់​ពីក្រោយ​រថយន្ត ដោយ​បើក​ឮ​សំឡេង​ខ្លាំង​ៗ​នៅ​ពេល​កំពុង​បើកបរ ធ្វើ​ឱ្យ​ប៉ះពាល់​សណ្តាប់ធ្នាប់ ទើប​កម្លាំង​ជំនាញ​ឃាត់​ទាំង​រថយន្ត និង​អ្នកបើកបរ​មក​កាន់​ការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់​ខេត្តបន្ទាយមានជ័យ ដើម្បី​ធ្វើការ​ណែនាំ​អប់រំ និង​កិច្ចសន្យា​អោយ​បញ្ឈប់​សកម្មភាព​ការ​ចាក់​ធុងបាស់​ពីក្រោយ​រថយន្ត ខណៈ​ពេល​បើកបរ ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​បន្ត​ទៀត​។

មន្ត្រី​នគរបាល​បាន​បញ្ជាក់​ថា ក្រោយ​ពី​ធ្វើ​កិច្ចសន្យា​ហើយ អ្នកបើកបរ​រថយន្ត​បាន​យល់ព្រម​បញ្ឈប់​សកម្មភាព​ចាក់​ធុងបាស់​នៅ​ខាងក្រោយ​រថយន្ត​នៅ​ពេល​បើកបរ ឬ​ទីប្រជុំជន​តាម​ដងផ្លូវ​សាធារណៈ ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​អ្នក​ជិតខាង​ចាប់ពី​ពេល​នេះ​តទៅ បើសិនជា​មាន​លើក​ទី​២​ទៀត នឹង​មាន​វិធាន​ការណ៍​តាម​ច្បាប់​ផ្លូវច្បាប់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close