ប្រុងប្រយ័ត្ន! សប្តាហ៍នេះ បណ្តាខេត្តមួយចំនួនអាចនឹងមានភ្លៀងធ្លាក់ រួមជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់
(ភ្នំពេញ) ៖ ក្រសួងធនធានទឹក និងឧតុនិយមបានព្យាករថា ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ កម្ពុជានឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីចិនក្នុងកម្រិតខ្សោយ និងឥទ្ធិពលពីសម្ពាធទាប ដែលបណ្តាលឲ្យបណ្តាខេត្តមួយចំនួននឹងមានភ្លៀងធ្លាក់ រួមទាំងលាយឡំនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ។
តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាលចន្លោះពីថ្ងៃទី៩-១២ ខែមីនា អាចមានភ្លៀងផ្គរ រន្ទះ ក្នុងកម្រិតខ្សោយ។ ចាប់ពីថ្ងៃទី១៣-១៥ ខែមីនា បរិមាណភ្លៀង អាចកើនឡើងដល់កម្រិតពីមធ្យមទៅបង្គួរ លាយឡំបន្ថែមនិងខ្យល់កន្ត្រាក់។
ចំពោះបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចមានភ្លៀងធ្លាក់តិចតួច។ ចាប់ពីថ្ងៃទី១៤-១៥ ខែមីនា បរិមាណភ្លៀងអាចកើនឡើងលាយឡំនិងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ចំណែកនៅតំបន់មាត់សមុទ្រ ចាប់ពីថ្ងៃទី១៣-១៥ ខែមីនា អាចមានភ្លៀងផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំនិងខ្យល់កន្ត្រាក់។ ដូច្នេះពលរដ្ឋគួរបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ និងត្រូវត្រៀមបង្ការការពារទុកជាមួយនូវហានិភ័យណាមួយដែលកើតឡើងដោយសារខ្យល់កន្ត្រាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។