ក្រសួងវប្បធម៌តម្រូវឱ្យចង់ថតភាពយន្ត ឬថតស្ប៉តពាណិជ្ជកម្ម ត្រូវសុំច្បាប់ទៅក្រសួងសិន
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីពេលថ្មីៗនេះ បានចេញសេចក្តីណែនាំមួយដល់ផលិតករ សេវាករ អង្គការ និងក្រុមហ៊ុនថតភាពយន្តទាំងក្នុង និងក្រៅប្រទេសទាំងអស់ដែលមានបំណងចង់ផលិតភាពយន្តឯកសារ ចម្រៀងកាយវិការ និងស្បតពាណិជ្ជកម្ម ដោយផលិតករត្រូវទៅដាក់ពាក្យស្នើសុំជាមុនសិន នៅនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ក្រសួងវប្បធម៌បានអះអាង ការដាក់ពាក្យស្នើសុំមុនមកក្រសួងវប្បធម៌ គឺដើម្បីសម្រួលដល់ទម្រង់នៃការស្នើសុំថតភាពយន្ត ភាពយន្តឯកសារ ចម្រៀងកាយវិការ ឬស្ប៉តពាណិជ្ជកម្មផ្សេងៗ ដោយជៀសវាងការខាតបង់ពេលវេលានៃការស្នើសុំដោយប្រយោល ឬដោយវិធីផ្សេងតាមរយៈអង្គភាពផ្សេងៗទៀត។
ក្នុងការដាក់ពាក្យស្នើសុំនោះ ផលិតករ ត្រូវភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធ មានជាអាទិ៍ លិខិតស្នើសុំថត អត្ថបទនិពន្ធរឿងពិស្តារ អត្ថបទសង្ខេបខ្លឹមសារ កម្មវិធី និងទីកន្លែងថត។ល។
បើតាមក្រសួងវប្បធម៌ ផលិតករទាំងអស់អាចស្នើសុំកិច្ចសហការពីក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីទាក់ទងសម្រាប់ដាក់ពាក្យស្នើសុំមកនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ដែលមានអាសយដ្ឋាន អគារលេខ៧០ ផ្លូវលេខ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមលេខទូរសព្ទ (៨៥៥) ២៣ ២១៥ ៤៦៩ និង (៨៥៥) ១១ ៤៤៧ ៧៨៩ (សម្រាប់ជនបរទេស) ឬតេលេក្រាម (៨៥៥) ១២ ៩៧៧ ៩៧៧៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។