ពាណិជ្ជកម្មរុស្ស៊ី-ចិនកើនឡើងខ្ពស់់ខណៈប្រទេសលោកខាងលិចបង្កើនការដាក់ទណ្ឌកម្ម
នៅថ្ងៃទី ៨ខែមីនា ជប៉ុន អូស្ត្រាលី កាណាដា … បានបង្កើនការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ជាការប្រឆាំង សង្គ្រាមវាយប្រហារប្រទេសអ៊ុយក្រែន ។ ប៉ុន្តែវិស័យពាណិជ្ជកម្មរវាងចិននិងរុស្ស៊ីបានកើនឡើងខ្ពស ក្នុងរយៈពេលដើមឆ្នាំ ២០២២នេះ។
ពេលនេះដែរ ជប៉ុនបានបង្កើនការដាក់ទណ្ឌកម្ម បង្កកប្រាក់មន្ត្រីជាន់ខ្ពស់របស់រុស្ស៊ីនិងបេឡារ៉ូស ៣២រូប។ ជាមួយគ្នានេះដែរអូស្ត្រាលី ក៏បានប្រកាសគម្រោងដាក់ទណ្ឌកម្មបន្ថែមទៅលើប្រទេសរុស្ស៊ី។ នៅក្នុងបញ្ជីឈ្មោះដាក់ទណ្ឌកម្ម មានបុគ្គល១០រូប ដែលមានឥទ្ធិពលក្នុងប្រទេសរុស្ស៊ីស្ថិតនៅក្នុងការដាក់ទណ្ឌកម្មនោះ ។ ចំណែកប្រទេសកាណាដា ក៏ដូចគ្នានោះដែរ នឹងបង្កើនការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី។
បើទោះបីការដាក់ទណ្ឌកម្មពីបណ្តាប្រទេសលោកខាងលិច តែទំហំពាណិជ្ជកម្មចិន-រុស្ស៉ី កើនជិត៤០ភាគរយ សម្រាប់ខែ មករា-កុម្ភៈ ឆ្នាំ២០២២ ធៀបជាមួយឆ្នាំមុន។
សារព័ត៌មាន TASS នៅថ្ងៃ ទី០៨ ខែមីនា ឆ្នាំ២០២២ បានផ្សាយថា អគ្គរដ្ឋបាលគយរបស់ប្រទេសចិន កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានប្រកាសឱ្យដឹងថា ទំហំពាណិជ្ជកម្មរវាងចិននិងរុស្ស៉ី សម្រាប់ខែមករា-ខែកុម្ភៈ ឆ្នាំនេះ បានកើនក្នុងអត្រា៣៨.៥ភាគរយ គឺឡើងដល់២៦.៤៣ពាន់លានដុល្លារអាមេរិក បើធៀបនឹងកំលុងពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍ខាងលើដដែលបានបន្តថា ការនាំចេញរបស់ប្រទេសចិនទៅកាន់រុស្ស៉ី បានកើនឡើង៤១.៥ភាគរយ ក្នុងរយៈពេល ២ខែនោះ ហើយស្មើនឹងខ្ទង់១២.៦២ពាន់លានដុល្លារ។ រីឯការនាំចូលនៃទំនិញក៏ដូចជាសេវាកម្មរបស់រុស្ស៉ី មកកាន់ប្រទេសចិនវិញ បានកើន៣៥.៧ភាគរយ គឺដល់ទំហំ១៣.៨១ពាន់លានដុល្លារ។
ទំហំនៃការធ្វើពាណិជ្ជកម្មរវាងចិននិងរុស្ស៉ី កាលពីឆ្នាំ២០២០ បានថយចុះ២.៩ភាគរយ គឺមកនៅត្រឹម ១០៧.៧៦ពាន់លានដុល្លារ ដោយសារតែវិបត្តិជំងឺរាតត្បាតសកល COVID-19 ប៉ុន្តែនៅក្នុងឆ្នាំ២០២១ វាបានកើនឡើងវិញ ៣៥.៨ភាគរយ ដោយឈានដល់ទំហំកំណត់ត្រាមួយគឺ ១៤៦.៨៨ពាន់លានដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។