សម្តេច​ពិជ័យ​សេនា​ ជំរុញ​ឱ្យ​អាជ្ញាធរ​ខេត្តសៀមរាប​ ធ្វើការ​គ្រប់គ្រង​ធនធានធម្មជាតិ និង​ដោះស្រាយ​បញ្ហាដីធ្លី ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​លឿន​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​ឆ្នាំ​២០២២​របស់​រដ្ឋបាល​ខេត្តសៀមរាប កាលពី​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០២២ បាន​មានប្រសាសន៍ថា ការគ្រប់គ្រង​តំបន់​អភិរក្ស​ធនធានធម្មជាតិ និង​ព្រៃឈើ គឺជា​កិច្ចការ​ដែលមាន​ការពា​ក់​ព័ន្ធ​តួនាទី និង​ការទទួលខុសត្រូវ​រប​ស់​ក្រសួង ស្ថាប័ន និង​អាជ្ញាធរ​ដែនដី ហើយ​ដើម្បី​ធានាបាន​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ការងារ​នេះ រដ្ឋបាលខេត្ត រដ្ឋបាល​ក្រុង ស្រុក និង ឃុំ សង្កាត់ ត្រូវខិតខំ​យកចិត្តទុកដាក់​អនុវត្ត​នូវ​គោលការណ៍ វិធានការ​សំខាន់ៗ ដែល​ដាក់ចេញ​ដោយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដូចជា​ត្រូវ​សហការ​ព​ន្លឿ​ន​ការដោះស្រាយ​ដោយ​យកចិត្តទុកដាក់​ក្នុងការ​គ្រប់គ្រង​ទិន្នន័យ​ស្ថិតិ អត្តសញ្ញាណ​ប្រជាពលរដ្ឋ និង​ដីធ្លី ដែល​កំពុង​កាន់កាប់ និង​អាស្រ័យ​ផល​ជាក់ស្តែង​យូរ​ឆ្នាំ​មកហើយ​នៅលើ ទីតាំង​ដី​ដែល​ស្ថិតក្នុង​តំបន់ការពារធម្មជាតិ និង​ត​ម្រ​ប​ព្រៃ​នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​នីមួយៗ​ឱ្យបាន​ត្រឹមត្រូវ ច្បាស់លាស់ និង​មាន​តម្លាភាព ដើម្បី​ស្នើសុំ​គោលការណ៍​ពី​រាជរដ្ឋាភិបាល​ក្នុងការ​កាត់​ឆ្វៀល និង​ផ្តល់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ ដូច្នេះ​ក្នុងឱកាស​នេះ សូមឱ្យ​អាជ្ញាធរ​ខេត្តសៀមរាប ត្រូវធ្វើ​ការគ្រប់គ្រង​ធនធានធម្មជាតិ និង​ដោះស្រាយ​បញ្ហាដីធ្លី ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​លឿន ចៀសវាង​មានការ​ថ្នាំងថ្នាក់​។​

​សម្តេច​ពិជ័យ​សេនា បន្តថា ក្នុងនាម​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត សូមឱ្យ​រដ្ឋបាលខេត្ត​ត្រូវ​យកចិត្តទុកដាក់​សហ​ការ​ជាមួយ​ក្រសួង​ស្ថាប័ន​នានា ក្នុងការ​រៀបចំ​កំណត់​តំបន់​បោះបង្គោល​ព្រំ និង​ចុះបញ្ជី​ដី​រដ្ឋ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់ និង​ដី​គម្រប​ព្រៃឈើ​ក្នុង​តំបន់ការពារធម្មជាតិ​នានា ត្រូវ​ព​ន្លឿ​ន​ការដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​ឱ្យបាន​ឆាប់រហ័ស ជៀសវាង​ទុក​វិវាទ​ទាំងនោះ​ឱ្យ​រីក​រាលដាល ស្មុគស្មាញ ពិបាក​ក្នុងការ​ដោះស្រាយ ហើយ​នៅក្នុង​ការដោះស្រាយ​វិវាទ​ដីធ្លី ជម្លោះ​និង​ការទាមទារ​តវ៉ា​នានា​នៅ​មូលដ្ឋាន ត្រូវខិតខំ​បញ្ចៀស​ឱ្យបាន​នូវ​អំពើហិង្សា​តាម​គ្រប់​រូបភាព ត្រូវ​បង្កើន​ការតាមដាន និង​គ្រប់គ្រង​សកម្មភាព​ចូល​ទន្ទ្រាន​កាន់កាប់​ដីធ្លី​របស់​ប្រជាពលរដ្ឋ នៅតាម​តំបន់ការពារធម្មជាតិ និង​គម្រប​ព្រៃ ដើម្បី​បង្ការ និង​ទប់ស្កាត់​កុំ​ឲ្យ​មាន​និន្នាការ​រុករាន​ទន្ទ្រាន កាន់កាប់​ដីព្រៃ ឬ​ដី​របស់​រដ្ឋ​ដោយ​ខុសច្បាប់​បន្តទៀត​។ ក្នុងករណី​រកឃើញ​ការទន្ទ្រាន​កាន់កាប់​ដីធ្លី​នៅតាម​តំបន់ការពារធម្មជាតិ និង​គម្រប​ព្រៃឈើ ត្រូវអនុវត្ត​វិធានការ​រដ្ឋបាល ឬ​វិធានការ​ច្បាប់​ឱ្យបាន​តឹងរឹង និង​ម៉ឺងម៉ាត់​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បន្តទៀតថា ជាមួយគ្នានេះ ត្រូវ​ណែនាំ​ដល់​អាជ្ញាធរ​ភូមិ ឃុំ មិនត្រូវ​ចុះហត្ថលេខា​លើ​ឯកសារ ទិញ​លក់​ផ្ទេរកម្មសិទ្ធិ និង​ឯកសារ​កាន់កាប់​ដីធ្លី ដោយ​ខុសច្បាប់​ក្នុង​តំបន់ការពារធម្មជាតិ​នោះឡើយ ត្រូវ​បន្ត​អប់រំ ណែនាំ និង​ផ្សព្វផ្សាយ​ដល់​អាជ្ញាធរ​មូលដ្ឋាន ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ផ្សព្វផ្សាយ​ឱ្យបាន​យល់ច្បាស់​អំពី​ច្បាប់​ស្តីពី​ព្រៃឈើ ច្បាប់​ស្តីពី​ជលផល និង​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ ដើម្បីឱ្យ​ពួក គាត់​ចូលរួម​សហការ​ក្នុងការ​ការពារ​ព្រៃឈើ និង​ធនធានធម្មជាតិ​ឱ្យបាន​គង់វង្ស ជាពិសេស គឺ​ព្រៃឈើ​នៅ​តំបន់ភ្នំ​គូលែន ត្រូវតែ​ការពារ​ឱ្យបាន​ព្រោះ​វា​ជា​ប្រភពទឹក​ដ៏​សំខាន់​សម្រាប់​ផ្គត់ផ្គង់​ដល់​ខេត្តសៀមរាប​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close