ក្រសួងសាធារណការ ជូនដំណឹងស្តីពីការស្ថាបនា និងពង្រីកផ្លូវជាតិលេខ៤
ក្រសួងសាធារណការ និងដឹកជញ្ជូន មានកិត្តិយសសូមជម្រាបជូនប្រជាពលរដ្ឋ ដែលធ្វើដំណើរ និងរស់នៅតាមបណ្តោយផ្លូវជាតិលេខ៤ ទាំងអស់ឱ្យបានជ្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានទទួលប្រាក់កម្ចី សម្បទានពីធនាគារពិភពលោក តាមរយៈតម្រោងលេខ IDA Credit. 6279-KH- សម្រាប់ធ្វើការស្ថាបនា និងពង្រីកផ្លូវជាតិលេខ៤ ដើម្បីធន់នឹងការបម្រែបម្រួលអាកាសធាតុ និងបង្កើនសុវត្ថិភាពដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ។
ក្រសួង បានចាប់ផ្ដើមធ្វើការពង្រីក និងជួសជុលផ្លូវជាតិលេខ៤ ចាប់ពី ឃុំបែកបាន ស្រុកអង្គស្នួល ខេត្តកណ្តាល និងបញ្ចប់ នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលប្រភេទកាងារ មានដូចតទៅ៖
១. ការងារពង្រីកផ្លូវកៅស៊ូបច្ចុប្បន្នពី ទទឹង ៧ម៉ែត្រ ទៅទទឹងចាក់កៅស៊ូ ១០ម៉ែត
២. ការងារពង្រីកស្ពានបេតុង និងលូចំនួន ៤៦ទីតាំង
៣. ការងារស្ថាបនាស្ពានថ្មី ចំនួន ០៨ ទីតាំង ដើម្បីធានាដល់ការធ្វើចរាចរណ៍គ្រប់រដូវកាល ដែលឆ្នាំខ្លះ ត្រូវទឹកជំនន់ជន់លិចកំណាត់ផ្លូវជាតិលេខ៤។
រយៈពេលនៃការងារស្ថាបនាពង្រីក និងជួសជុលថែទាំផ្លូវជាតិរលេខ៤នេះ ចាប់ផ្តើមពីខែធ្នូ ឆ្នាំ២០២១ រហូតដល់ ខែធ្នូ ឆ្នាំ២០២៦។
អាស្រ័យហេតុនេះក្រសួងសាធារណការ និងដឹកជញ្ជូន សូមស្នើប្រជាពលរដ្ឋដែលធ្វើដំណើរ និងរស់នៅ តាមបណ្ដោយផ្លូវជាតិលេខ៤ទាំងអស់ មេត្តាអធ្យាស្រ័យដល់បណ្តាការរំខានដែលបង្កដោយការងារស្ថាបនា ស្ពានថ្នល់ដូចបានជម្រាបជូនខាងលើ និងសូមមេត្តាចូលរួមអនុវត្តវិធានការសុវត្ថិភាពចរាចរណ៍ដែលរៀបចំ នៅតាមការដ្ឋាននីមួយៗដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនម៉ៅការសាងសង់ ហើយ សង្ឃឹមថា ប្រជាពលរដ្ឋទាំងអស់នឹងចូលរួមដើម្បីឱ្យការងារអភិវឌ្ឍផ្លូវជាតិលេខ៤ នេះ ទទួលបានជោគជ័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។