ក្រុមកីឡា​បាល់ទះខេត្តពោធិ៍សាត់​ ឈ្នះ​ជើងឯក​ការប្រកួត អបអរ​ទិវា​អន្តរជាតិ​នារី​៨​មីនា​

​ក្រុមកីឡា​បាល់ទះ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តពោធិ៍សាត់​បានក្លាយ​ជា​ម្ចាស់​ជើងឯក ការប្រកួត​កីឡាបាល់ទះ​នារី «​អបអរសាទរ​ទិវា​អន្តរជាតិ​៨​មីនា​» ឆ្នាំ​២០២២ កាលពី​ល្ងាច​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០២២ នៅ​កីឡដ្ឋាន ព្រី​នស៍ រាជធានី​ភ្នំពេញ​។​

​ក្រុម​បាល់ទះ​នារី​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តពោធិ៍សាត់ ដែល​ឈ្នះ​ជើងឯក​នេះ បន្ទាប់ពី​បាន​យកឈ្នះ​លើ​ក្រុម​ន្ទីរ​អប់រំ​ខេត្តកំពង់ធំ ដោយ​លទ្ធផល​បច្ចេកទេស ៣​សិត​ទល់​២​សិត​។ រីឯ​ក្រុម​នារី​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តព្រៃវែង​ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ​៣ ក្រោយ​យកឈ្នះ​ក្រុម​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកំពង់ចាម ដោយ​លទ្ធផល ៣​សិត​ទល់​២​សិត​។​

​ដូ​ច្នះ​ក្រុម​ជ័យលាភី​ទាំងនេះ​រួមមាន​៖ ចំណាត់ថ្នាក់​លេខ​១ ក្រុម​បាល់ទះ​នារី​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តពោធិ៍សាត់​ទទួលបាន​ប្រាក់រង្វាន់ ២​លាន​រៀល​, លេខ​២ ក្រុម​បាល់ទះ​នារី​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកំពង់ធំ ប្រាក់រង្វាន់ ១​លាន​២​សែន​រៀល​, លេខ​៣ ក្រុម​នារី​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តព្រៃវែង ប្រាក់រង្វាន់ ៨០​ម៉ឺន​រៀល ខណៈ​លេខ​៤ ក្រុម​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកំពង់ចាម ទទួលបាន​ប្រាក់រង្វាន់ ៤០​ម៉ឺន​រៀល​។ ក្រុម​ទាំង​៤​ទទួលបាន​ទឹកប្រាក់​លើកទឹកចិត្ត​ចំនួន ៨០​ម៉ឺន​រៀល​បន្ថែម​ដូចៗ​គ្នា​។​

​ព្រឹត្តិការណ៍​កីឡាបាល់ទះ​នារី​នេះ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ដោយ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ក្នុង​គោលបំណង​ចូលរួម​អបអរសាទរ ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០២២ ខួប​លើក​ទី​១១១ និង​ផ្តល់ឱកាស​ជូន​ដល់​កីឡាការិនី​បាល់ទះ​កម្ពុជា​បាន​បញ្ចេញ​សមត្ថភាព និង​កម្តៅ​សាច់ដុំ ដើម្បី​បង្កើន​គុណភាព​សមត្ថភាប​ឲ្យ​កាន់តែ​ប្រសើរ​បន្ថែមទៀត សម្រាប់​ត្រៀម​ការប្រកួត នាពេលខាងមុខៗ​ទៀត​។​

​សូមបញ្ជាក់ថា ពិធី​បិទ​ការប្រកួត​កីឡាបាល់ទះ​នារី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី​៨​មីនា​នេះ ក៏មាន​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ដល់​អាជ្ញាកណ្តាល និង​ចៅក្រម​បាល់ទះ​ក្នុង​សាល​កម្រិត​មូលដ្ឋាន​-​គ ក្រោម​ការផ្តល់​កិត្តិយស​ពី​ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា តំណាង​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close