ថៃ ឲ្យពលរដ្ឋខ្លួនកាត់បន្ថយការជិះឡាន ខណៈសាំងឡើងថ្លៃ
នាយករដ្ឋមន្ត្រីនៃប្រទេសថៃ បានជំរុញដល់សាធារណជន កាត់បន្ថយការប្រើប្រាស់ថាមពល ជាពិសេស ចំពោះការប្រើប្រាស់រថយន្តឯកជន ខណៈដែលប្រេងឥន្ទនៈឡើងថ្លៃ។ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា អះអាងទៀតថា រាជរដ្ឋាភិបាល នឹងប្រឹងប្រែងអស់ពីលទ្ធភាព ក្នុងការដោះស្រាយបញ្ហាប្រេងសាំងឡើងថ្លៃនេះ។
ការអំពាវនាវរបស់លោក បានកើតមានឡើង ក្រោយពេលតម្លៃប្រេងឆៅហក់ឡើង ដល់ ៤២០០បាត ឬ ១៣០ដុល្លារអាមេរិក ក្នុងមួយបារ៉ែល កាលពីថ្ងៃថ្ងៃដើមសប្តាហ៍នេះ ជាការឡើងថ្លៃខ្លាំងបំផុតពុំធ្លាប់មាន ចាប់តាំងពីឆ្នាំ២០១២ ដែលមានត្រឹម ១២៨ដុល្លារអាមេរិកនោះ។
លោកថា «យើងកំពុងជំរុញដល់អ្នកគ្រប់គ្នា ជួយសន្សំសំចៃថាមពលកាន់តែច្រើន កាន់តែល្អ ជាពិសេស លើការប្រើប្រាស់រថយន្តឯកជន។ យើងបានដាក់ចេញវិធានការដោះស្រាយបញ្ហាតម្លៃឡើងថ្លៃនេះ ប៉ុន្តែអ្វីដែលយើងគួរធ្វើ ក្នុងករណីបន្តវាបន្តឡើងថ្លៃ ហើយថវិកាយើងក៏មានកំណត់?»។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចកាត់បន្ថយពន្ធលើតម្លៃប្រេង ខ្លះ រហូតដល់ថ្ងៃទី២០ ឧសភា ដើម្បីទប់ទល់នឹងការឡើងថ្លៃប្រេងសាំងនេះ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងដោះស្រាយបញ្ហានេះ ដោយប្តេជ្ញាថា នឹងរក្សាតម្លៃលក់រាយឲ្យនៅក្រោម៣០បាត ក្នុងមួយលីត្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។