Premier League ផ្អាក​កិច្ចព្រមព្រៀង​ផ្សាយ​ជាមួយ​រុស្ស៊ី ដោយសារ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​

​ក្របខណ្ឌ Premier League បានសម្រេច​ចិត្ត​ផ្អាក​កិច្ចព្រមព្រៀង​ផ្សាយ​របស់ខ្លួន ជាមួយនឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​នៅ​ប្រទេស​រុស្ស៊ី បន្ទាប់ពី យោធា​រុស្ស៊ី បាន​ចូលលុកលុយ​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​ជំហរ​នេះ នឹង​ចូល​ជា​ធរមាន​ភ្លាមៗ មានន័យថា ការប្រកួត​ចំនួន​៤ នៅ​ថ្ងៃ​ព្រហស្បតិ៍ នឹងមិន​ត្រូវបាន​ផ្សាយ​បន្ត​ផ្ទាល់ នៅក្នុង​ប្រទេស​រុស្ស៊ី​នោះទេ​។ ការសម្រេចចិត្ត​នេះ ចំណាយពេល​ត្រឹមតែ ១៥​នាទី​ប៉ុណ្ណោះ​នៃ​កិច្ចប្រជុំ​រយៈពេល ៤​ម៉ោង​នៃ​ក្លិប​ទាំង​២០ នៅ​ទីក្រុង​ឡុង​ដ៍ កាលពី​ថ្ងៃ​អង្គារ​។​

​លី​គ​បាល់ទាត់​កំពូល​របស់​អង់គ្លេស ក៏​និយាយថា ខ្លួន​នឹង​បរិច្ចាគ​ប្រាក់ ១​លាន​ផោន ដើម្បី​ជួយ​ប្រជាជន​អ៊ុយ​ក្រែ​ន​ផងដែរ​។​

​សិទ្ធិ​ទូរទស្សន៍​សម្រាប់ Premier League ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Rambler Group ។ ក្រុមហ៊ុន​នេះ សល់​កិច្ចសន្យា​១​ឆ្នាំ ដើម្បី​ផ្សាយ​បន្ត​ផ្ទាល់​ការប្រកួត Premier League នៅក្នុង​ប្រទេស​រុស្ស៊ី​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close