តំណាងអចិន្ត្រៃយ៍កម្ពុជាសម្តែងការខកចិត្តចំពោះឧត្តមស្នងការទទួលយករបាយការណ៍ដែលពិនិត្យមើលតែមួយជ្រុង និងបង្កការយល់ខុសចំពោះស្ថានភាពនៅកម្ពុជា
ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅហ្សឺណែវ លោក អាន សុខខឿន បានបញ្ជាក់ថា គណៈប្រតិភូកម្ពុជាយល់ស្របទៅនឹងទស្សនៈរបស់ឯកឧត្តមប្រធានពាក់ព័ន្ធនឹងការធ្វើ នយោបាយូបនីកម្មនៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស និង ភាពលម្អៀងដោយសារការកំណត់ឋានានុក្រម ក្នុងចំណោម ប្រភេទសិទ្ធិមនុស្ស។ ប៉ុន្តែបានសម្តែងក្តីខកចិត្តយ៉ាងខ្លាំងចំពោះប្រការដែលឧត្តមស្នងការទទួលយករបាយការណ៍ ដែលពិនិត្យមើលតែមួយជ្រុង និងបង្កការយល់ខុសពាក់ព័ន្ធស្ថានភាពនៅកម្ពុជា។
ប្រតិកម្មនេះបានធ្វើឡើងក្នុងបទអន្តរាគមន៍ នៅក្នុងនាសម័យប្រជុំលើកទី៤៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សកិច្ចពិភាក្សាទូទៅ លើរបៀបវារៈទី២ស្តីពីរបាយការណ៍សកលរបស់លោកជំទាវឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២។
យោងតាមប្រភពក្រសួងការបរទេសបានបង្ហាញថា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាបានបន្តថា ការថ្លែងថា កូដកម្មរបស់អតីតបុគ្គលិកកាស៊ីណូធ្វើឡើងដោយស្របច្បាប់ គឺជាការយល់ខុសទាំងស្រុង។ តុលាការបានប្រកាសតាំងពីខែធ្នូ ឆ្នាំ២០២១ មកម្ល៉េះ ថា កូដកម្មនេះគឺខុសច្បាប់។ ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានបាន ត្អូញត្អែរ ពីការរំខាន បង្ក ដោយការតវ៉ា ខុស ច្បាប់ដែលអូសបន្លាយពេលជាច្រើនខែ។ អាជ្ញាធរកម្ពុជាបានរក្សាភាពអត់ធ្មត់ជាទីបំផុត ហើយថែមទាំងបានលុតជង្គង់អង្វរករសុំឱ្យបាតុករគោរពតាមវិធានបង្ការនិងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។
យ៉ាងហោចណាស់ បាតុករចំនួន១៣០ នាក់ បានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩។ លោកជំទាវឧត្តមស្នងការ តើបាតុកម្មខុសច្បាប់ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងបំពានលើវិធានសុខភាពសាធារណៈដូច្នេះ គឺជាការអនុវត្តសេរីភាពប្រមូលផ្តុំដោយសន្តិវិធីដែលស្របតាមរដ្ឋធម្មនុញ្ញដែរឬទេ?
នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ កិច្ចប្រជុំអន្តរក្រសួងដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងត្រូវរៀបចំឡើង ដើម្បីដោះស្រាយវិវាទការងារដែលបានអូសបន្លាយអស់រយៈពេលជាច្រើនខែកន្លងមកនេះ និងត្រូវបានគេធ្វើនយោបាយូបនីកម្ម។
ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាបានបញ្ជាក់ថា អវត្តមាននៃគណបក្សនយោបាយមួយក្នុងការបោះឆ្នោតនាពេលខាងមុខ ដោយសារការបំពានច្បាប់ មិនបានធ្វើឱ្យកម្ពុជាចាកឆ្ងាយពីពហុបក្សឡើយ។ មិនថាលទ្ធផលបែបណាឡើយ ការពិតមួយដែលមិនអាចប្រកែកបានគឺថា អ្នកបោះឆ្នោតនៅតែអាចជ្រើសរើសគណបក្សនយោបាយមួយ ក្នុងចំណោមគណបក្សនយោបាយចំនួន១៧ ដែលបានចុះបញ្ជីរួចរាល់ ចូលរួមការប្រកួតប្រជែងការបោះឆ្នោត។ គណបក្សទាំងនោះ មិនថាតូច ឬ ធំ មានសិទ្ធិនយោបាយនិងសេចក្តីថ្លៃថ្នូរស្មើៗគ្នា និងត្រូវទទួលបានការគោរពដូចៗគ្នា។
ឯកអគ្គរាជទូតនិងជាតំណាងអចិន្ត្រៃយ៍កម្ពុជាបានកត់សម្គាល់ឃើញថាការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស បានសំងំស្ងៀមឈឹងអស់រយៈពេលជាច្រើនឆ្នាំ ចំពោះការប្រើភាសាប្រជាភិថុតិប្រកបដោយគ្រោះថ្នាក់ របស់ក្រុមប្រឆាំងមួយចំនួន ដែលវិធីសាស្ត្ររបស់ក្រុមនោះគឺផ្សព្វផ្សាយព័ត៌មានមិនពិត ជេរប្រមាថ និងបង្កាច់បង្ខូចគ្រប់បែបយ៉ាង ញុះញង់ឱ្យមានការស្អប់ខ្ពើមជាតិសាសន៍ និងការរើសអើងពូជសាសន៍ និងអំពាវនាវឱ្យមានការបះបោរប្រឆាំងរដ្ឋាភិបាលជាថ្នូរនឹងប្រាក់។ លោកជំទាវឧត្តមស្នងការ តើសកម្ម ភាពទាំង នេះគឺ ជា អ្វី ដែលលោកជំទាវ ចាត់ទុកថា ជាការប្រព្រឹត្ត ស្របច្បាប់ក្រោមច្បាប់អន្តរជាតិឬ?៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។