រាជរដ្ឋាភិបាល ​ពន្យារ​ការអនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធន រហូតដល់​ដំណាច់ឆ្នាំ​២០២៣

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២២ បានចេញ​សេចក្តីជូនដំណឹង​ផ្លូវការ បញ្ជាក់​ពី​ការពន្យារ​អនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធន រហូតដល់​ដំណាច់ឆ្នាំ​២០២៣​។

​បើតាម​សេចក្តីជូនដំណឹង​នោះ បាន​បញ្ជាក់ថា «​យោងតាម​លិខិត​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តីពី​សំណើសុំ​ពន្យារពេល​ការអនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធន និង​ចំណារ​ឯកភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២២ រាជរដ្ឋាភិបាល​បានសម្រេច​ឱ្យ​ពន្យារ កាលបរិច្ឆេទ​កំណត់​ការដាក់ឱ្យ​អនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធន​រយៈពេល ០២​ឆ្នាំ​ទៀត ដោយ​កំណត់​យក​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២៤ ជា​កាលបរិច្ឆេទ​នៃ ការអនុវត្ត​ពន្ធ​នេះ ក្នុង​គោលដៅ​ចូលរួម​អនុវត្ត ក្របខណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ក្នុងការ​រស់នៅ​ជាមួយ​កូ​វីដ​-១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី សម្រាប់​ឆ្នាំ​២០២១-២០២៣ របស់​រាជរដ្ឋាភិបាល ដើម្បី​ជំរុញ​ការវិនិយោគ​»​។​

​សូមជម្រាបថា អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​កំណត់ថា​ការប្រមូល​ចំណូល​ពន្ធ លើ​ចំណេញ​មូលធន ត្រូវ​ចាប់ផ្តើម​អនុវត្តន៍​ចាប់ពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២២​តទៅ បន្ទាប់ពី​ពន្ធ​នេះ​ត្រូវបាន​ពន្យារពេល​អនុវត្ត​ន៍​រយៈពេល​១​ឆ្នាំកន្លងមក​។ ប៉ុន្តែ​ពេលនេះ​ត្រូវ​បន្ត​ពន្យារពេល​២​ឆ្នាំ​ទៀត ដែល​ចាប់ផ្តើម​ប្រមូល​នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២៤​តទៅ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close