ក្រសួងសុខាភិបាល ប្រគល់​រថយន្ត​ដឹក​វ៉ាក់សាំង​ចំនួន ៣០​គ្រឿង ដែលជា​អំណោយ​របស់​សប្បុរសជន

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២២ លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មាធិការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​ប្រគល់​-​ទទួល​រថយន្ត​ដឹក​វ៉ាក់សាំង​ចំនួន​៣០​គ្រឿង ដែលជា​អំណោយ​របស់​សប្បុរសជន តាមរយៈ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជូន​ដល់​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត​ទាំង​២៥ ដែល​កម្មវិធី​នេះ​ប្រព្រឹត្តទៅ​នៅក្នុង​បរិវេន​ឃ្លាំង​ឱសថ​កណ្តាល (CMS)​។​

​ក្នុង​ពិធី​ប្រគល់ និង​ទទួល​នេះ បានធ្វើ​ឡើង​ដោយមាន​ការអញ្ជើញ​ទទួល​ដោយផ្ទាល់​ពី​ប្រធាន​មន្ទីរ​សុខាភិបាល​ទាំង​២៥​រាជធានី​-​ខេត្ត​។ ចំណែក​ខេត្ត ដែល​ទទួលបាន​រថយន្ត​ដឹក​វ៉ាក់សាំង​នាឱកាស​នោះ រួមមាន​៖
១. មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​
២.​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង​
៣.​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម​
៤.​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ​
៥.​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ធំ​
៦.​មន្ទីរ​សុខាភិបាល​ខេត្តកំពត​
៧.​មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល​
៨. មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង​
៩. មន្ទីរ​សុខាភិបាល​ខេត្ត​សៀម​រាម​
១០. មន្ទីរ​សុខាភិបាល​ខេត្តតាកែវ​
១១. មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ​
១២.​និង​ឃ្លាំង​ឱសថ​កណ្តាល​ក្រសួងសុខាភិបាល​
ចំពោះ​រថយន្ត​ដឹក​វ៉ាក់សាំង​ដែលជា​ថវិកា​សប្បុរសជន​ខ្មែរ តាមរយៈ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​កម្ពុជា ជា​រថយន្ត​ម៉ាក Ford ដែល​មានការ​រៀបចំឡើង​ទៅតាម​តម្រូវការ​របស់​វ៉ាក់សាំង មាន​កម្រិត​ត្រជាក់​ក្នុង​សីតុណ្ហភាព -24c និង​មាន​លក្ខណៈពិសេស​ជាច្រើន​ទៀត​។​

​រថយន្ត​ដឹក​វ៉ាក់សាំង​នេះ ជា​តម្រូវការ​ចាំបាច់​ណាស់​សម្រាប់​ក្រុមការងារ​ក្រុមគ្រូពេទ្យ​ទូទាំង​រាជធានី​ខេត្ត​ទាំង​២៥ ដើម្បី​ដឹក​វ៉ាក់សាំង យកទៅ​ចាក់​ជូន​ប្រជាពលរដ្ឋ​យើង​ទូទាំងប្រទេស​។​

​សូមបញ្ជាក់​ផងដែរ​ថា នៅ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២២ លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​និង​ជា​ប្រធាន​គណៈកម្មាធិការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​ប្រគល់​-​ទទួល​រថយន្ត​ដឹក​វ៉ាក់សាំង​ចំនួន​១០ គ្រឿង ដែលជា​អំណោយ​របស់​សប្បុរសជន តាមរយៈ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជូន​ដល់ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close