CAMSOC និងសហព័ន្ធកីឡាជាតិជំរុញផែនការរៀបចំទីលានប្រកួត សម្រាប់ស៊ីហ្គេម ២០២៣
ភ្នំពេញ៖ គណៈកម្មការទីលានប្រកួតនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងសហព័ន្ធកីឡាជាតិនានាបានរៀបំកិច្ចប្រជុំមួយ កាលពីល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីជំរុញបន្ថែមលើផែនការរៀបចំទីលានប្រកួតឲ្យបានរួចរាល់ សម្រាប់គោលដៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC លើកឡើងថា សហព័ន្ធកីឡាជាតិដើរតួនាទីយ៉ាងសំខាន់ ក្នុងការរៀបចំទីលានប្រកួត ដោយពិនិត្យលើទំហំបច្ចេកទេសលើប្រភេទកីឡារបស់ខ្លួន ក្នុងកិច្ចសហការជាមួយគណៈកម្មការទីលានប្រកួតរបស់ CAMSOC ដើម្បីឲ្យបានរៀបរយក្នុងដំណាក់កាលនីមួយៗ។
ឯកឧត្តមអគ្គលេខាធិការ សង្កត់ធ្ងន់ថា ការកំណត់ និងការរៀបចំទីលានប្រកួតត្រូវធ្វើឲ្យបានរួចរាល់ប្រមាណ ៩៥% នាខែកញ្ញា ឆ្នាំ២០២២ ហើយនៅដើមឆ្នាំ២០២៣ គ្រប់ទីលានប្រកួតទាំងអស់ត្រូវរួចរាល់ ហើយចូលដល់ខែកុម្ភៈ និងខែមីនា ២០២៣ ជាពេលវេលាតុបតែងលម្អ ដាក់សម្ភារបច្ចេកទេស ប្រព័ន្ធសំឡេង ប្រព័ន្ធភ្លើងជាដើម។ នៅខែមេសា ឆ្នាំ២០២៣ គឺយើងត្រូវត្រួតពិនិត្យឡើងវិញថានៅមានខ្វះខាតលើបច្ចេកទេសអ្វីខ្លះ គឺត្រូវបំពេញបន្ថែម ដើម្បីឲ្យមានភាពប្រណីត និងអស្ចារ្យ ប៉ុន្តែត្រូវកាត់បន្ថយការចំណាយ ដោយឈរលើភាពសន្សំសំចៃខ្ពស់។
«ការរៀបចំទីលានប្រកួតនេះត្រូវបានកំណត់បាន៩០%ហើយៗនៅសល់តែ ២-៣សហព័ន្ធ ប៉ុណ្ណោះ ដែលយើងកំពុងពិនិត្យការសាងសង់ និងជួសជុលកែលម្អឡើងវិញ។ពេលវេលាដែលនៅសេសសល់យើងនឹងអាចរៀបចំទាន់ពេល ដែលការរៀបចំទីលានប្រកួតនេះមិនមែនជាក្តីកង្វល់ធំនោះឡើយ វាចោទជាបញ្ហាតែទៅលើសិទ្ធផលរបស់អត្តពលិកនៃប្រភេទកីឡាមួយចំនួនប៉ុណ្ណោះ»។
ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា និងជាអគ្គលេខាធិការរងទទួលបន្ទុកបច្ចេកទេសCAMSOC គូសបញ្ជាក់ដែរថា សម្រាប់ការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣នេះ CAMSOCបានសម្រេចជាគោលការណ៍នូវទីលានប្រកួតចំនួន៦តំបន់សំខាន់ៗ ដូចជា រាជធានីភ្នំពេញ សៀមរាប ព្រះសីហនុ កែប កំពត និងខេត្តកំពង់ស្ពឺ ដោយតំបន់ធំៗទាំងនេះ ត្រូវចែកចេញជាផ្នែកតូចៗទៀត។ ក្នុងនោះនៅរាជធានីភ្នំពេញ ក៏ត្រូវបានចែកចេញជា៦តំបន់តូចៗទៀត។
ជាមួយគ្នានោះ ឯកឧត្តមក៏ស្នើឲ្យសហព័ន្ធកីឡាជាតិណា ដែលមិនទាន់ចាត់តាំងនាយកបច្ចេកទេសប្រចាំសហព័ន្ធរបស់ខ្លួន ត្រូវតែចាត់តាំងនាយកបច្ចេកទេសឲ្យបានលឿន ដើម្បីពន្លឿនលើកិច្ចការរៀបចំទីលានជាមួយគណៈកម្មការទីលានប្រកួតរបស់ CAMSOC៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។