ល្បែងភ្នាល់អនឡាញបើកលេងកក្រើកនៅច្បារអំពៅ តែអាជ្ញាធរប្រហែលមិនហ៊ានបង្រ្កាបទេ ព្រោះម្ចាស់ទីតាំងមានខ្នងក្រាស់ណាស់
ទីតាំងល្បែងភ្នាល់បាល់ដ៏ធំនៅខណ្ឌច្បារអំពៅ PH Net កំពុងតែពង្រីកទីតាំងរបស់ខ្លួនរហូតដល់ទៅ៣កន្លែងហើយ ប៉ុន្តែគេមិនឃើញអាជ្ញាធរមានវិធានការអ្វីឡើយ ដោយប្រភពខ្លះថា ទីតាំងល្បែងភ្នាល់បាល់នេះ គឺមានខ្នងក្រាស់ ដែលអាជ្ញាធរមូលដ្ឋានមិនអាចធ្វើអ្វីកើត ក៏សុខចិត្តទ្រាំយកសំណែន ហើយធ្វើមិនឃើញតែម្តងទៅ។
ប្រជាពលរដ្ឋរស់នៅសង្កាត់ច្បារអំពៅទី១ បានឱ្យដឹងថា ជារៀងរាល់ថ្ងៃ ពួកគាត់តែងឃើញក្រុមអ្នកញៀនល្បែងភ្នាល់បាល់តាមអនឡាញ និងក្រុមក្មេងទំនើងចេញចូលទីតាំងដែលមានស្លាកសញ្ញា PH Net ស្ទើរតែរាល់ថ្ងៃយ៉ាងរលូន ដោយគ្មានការព្រួយបារម្ភខ្លាចអាជ្ញាធរចុះបង្ក្រាបនោះឡើយ។ ពលរដ្ឋរស់នៅក្បែរទីតាំងខាងលើ បានដាក់ការសង្ស័យជាកន្លែងចែកចាយគ្រឿងញៀនផងដែរ ព្រោះទីតាំងនោះប្រមូលផ្ដុំទៅដោយក្មេងទំនើង ដែលអាចនឹងមានការប្រើប្រាស់គ្រឿងញៀន ក្រៅពីការបើកល្បែងភ្នាល់បាល់អនឡាញ។
ដោយឡែក ពលរដ្ឋម្នាក់ដែលធ្លាប់បានចូលទៅលេងភ្នាល់បាល់នៅទីតាំងខាងលើ បានបង្ហើបឱ្យដឹងថា ម្ចាស់ទីតាំងនេះមានខ្នងបង្អែកជាមន្ត្រីគ្រាក់ៗនៅពីក្រោយ ទើបអាជ្ញាធរមូលដ្ឋានមិនហ៊ានក្អក ព្រោះខ្លាចអស់កៅអីអង្គុយ ទើបបានជានាំគ្នាសម្ងំទទួលលាភសក្ការពីម្ចាស់ទីតាំង និងបានពង្រីកសាខារបស់ខ្លួនស្ទើរគ្រប់ខណ្ឌទៅហើយ គ្រាន់តែសង្កាត់ច្បារអំពៅទី១នេះ មានដល់ទៅ៣ទីតាំងឯណោះ ដោយទីតាំងទី១.ស្ថិតនៅតាមបណ្ដោយផ្លូវ៣៦៩ ត្រង់ចំណុចក្បែរកន្លែងលក់ធ្យូង ក្នុងសង្កាត់ច្បារអំពៅ ទីតាំងទី២.ស្ថិតតាមបណ្ដោយផ្លូវ៣៦៩ ត្រង់ចំណុចក្បែរពេទ្យដើមឆ័ត្រ ក្នុងសង្កាត់ច្បារអំពៅទី១ និងទីតាំងទី៣. ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ត្រង់ចំណុចក្បែរ លីហួរវេរលុយ សង្កាត់ច្បារអំពៅទី១ ក្នុងខណ្ឌច្បារអំពៅទាំង៣ទីតាំងតែម្ដង។
ទោះយ៉ាងណា ពលរដ្ឋនៅតែមានជំនឿចិត្តថា លោកម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ នឹងមានចំណាត់ការទៅលើបញ្ហានេះបានមិនខាន ទោះបីម្ចាស់ទីតាំងមានខ្នងធំយ៉ាងណា ក៏គួរគិតដល់សុខសុវត្ថិភាពក្នុងមូលដ្ឋានរបស់ខ្លួនដែរ។ ម្យ៉ាងវិញទៀត បើបណ្តែតបណ្តោយឱ្យអ្នកមានខ្នងធំអាចបើកអាជីវកម្មលើ្មសច្បាប់បាន តែសម្រាប់ពលរដ្ឋធម្មតាបើកមិនបាន គឺមានន័យថា អាជ្ញាធរប្រើប្រព័ន្ធស្ដង់ដារពីរក្នុងដែនសមត្ថកិច្ចរបស់ខ្លួនហើយ…៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។