ឯកឧត្តម ប៉ាន សូរស័ក្តិ ជួបពិភាក្សាការងារពីទំនាក់ទំនងទ្វេភាគី ជាមួយឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា
ភ្នំពេញ៖ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា និងសហការី ដើម្បីផ្លាស់ប្តូរយោបល់ និងពិភាក្សាលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងតំបន់លើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្ដ្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកអគ្គរាជទូត និងសហការី ព្រមទាំងបានផ្តាំផ្ញើសេចក្តីថ្លែងអំណរគុណជូន ឯកឧត្តម Dan Tehan រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ក្នុងឱកាសកម្ពុជាធ្វើជាប្រធានអាស៊ានឆ្លាស់វេនឆ្នាំ២០២២។
ជាមួយគ្នានេះ ក្នុងនាមជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ឯកឧត្តមរដ្ឋមន្ដ្រី បានជម្រាបជូនអំពីវឌ្ឍនភាពនៃការចរចាលើការធ្វើឱ្យប្រសើរឡើងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ (AANZFTA Upgrade) ដែលជាសមិទ្ធផលអាទិភាពសេដ្ឋកិច្ច (Priority Economic Deliverable) មួយក្នុងចំណោមសមិទ្ធផលអាទិភាពសេដ្ឋកិច្ចដទៃទៀតរបស់កម្ពុជាសម្រាប់ឆ្នាំ២០២២ ដែលស្ថិតក្រោមគោលដៅយុទ្ធសាស្ត្រគន្លឹះទី៤ ស្តីពីសាកលភាវូបនីយកម្មអាស៊ាន ដើម្បីភាពរីកចម្រើន និងអភិវឌ្ឍន៍។ ក្នុងនោះ ឯកឧត្តមរដ្ឋមន្ដ្រី បានសង្កត់ធ្ងន់លើការជំរុញ និងពន្លឿនការចរចាលើបញ្ហាដែលនៅសេសសល់ ដើម្បីបញ្ចប់ការចរចា និងធ្វើឱ្យប្រសើរឡើងនៃកិច្ចព្រមព្រៀង AANZFTA ឱ្យបានទាន់ពេលវេលា តាមការគ្រោងទុក។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានបានជម្រាបផងដែរអំពី វឌ្ឍនភាពនៃដំណើរការស្នើសុំចូលជាសមាជិកអាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោក (WTO) របស់ទីម័រខាងកើត (Timor-Leste)។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត បានបង្ហាញការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលអាទិភាព សេដ្ឋកិច្ច្កម្ពុជាបានស្នើឡើង ដែលបានឆ្លុះបញ្ចាំងអំពីការឆ្លើយតបទៅនឹងការវិវត្តសកល ជាពិសេស ឯកឧត្តម បានចាត់ទុកការបញ្ចប់ការចរចាធ្វើឱ្យប្រសើរឡើងនៃកិច្ចព្រមព្រៀង AANZFTA ជាកិច្ចការអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការរវាងអាស៊ាន អូស្ត្រាលី និងនូវែលហ្សេឡង់ ក្នុងឆ្នាំ២០២២។
ទន្ទឹមនឹងនេះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានបញ្ជាក់ពីការបន្តគាំទ្ររបស់អូស្ត្រាលីចំពោះកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្លាស់វេនឆ្នាំ២០២២ និងប្តេជ្ញាបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា សំដៅសម្រេចបាននូវសមិទ្ធផលអាទិភាពកម្ពុជាប្រកបដោយជោគជ័យ ដើម្បីកសាងសហគមន៍អាស៊ានប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពរឹងមាំ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានជម្រាបជូនអំពីវឌ្ឍនភាពដ៏ល្អប្រសើរក្នុងកិច្ចសហប្រតិបត្តិលើវិស័យការប្រកួតប្រជែង និងកិច្ចការពារអ្នកប្រើប្រាស់ ដែលក្នុងនោះ អូស្ត្រាលី នឹងបន្តគាំទ្រដល់កិច្ចការកសាងសមត្ថភាព និងបច្ចេកទេសដល់មន្ត្រីក្រសួងពាណិជ្ជកម្ម លើកិច្ចការប្រកួតប្រជែង និងកិច្ចការពារអ្នកប្រើប្រាស់ ព្រោះវាជាការរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ដល់ការធ្វើឱ្យប្រសើរទ្បើងបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។
នៅកិច្ចបញ្ចប់ ភាគីទាំងពីរបានកតស់ម្គាល់លើការរីកចម្រើននៃពាណិជ្ជកម្មទ្វេភាគី និងប្តេជ្ញាបន្តជំរុញកំណើនពាណិជ្ជកម្មនិងវិនិយោគ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសការខិតខំប្រឹងប្រែងស្តារឡើងវិញលើគ្រប់វិស័យក្រោយវិបត្តិនៃជំងឺកូវីដ-១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។