តម្លៃ​ប្រេង​នឹង​កើនឡើង​ខ្ពស​ដូច​សម័យ​សង្គ្រាម អ៊ីស្រាអែល​និង​ប្រទេស​អារ៉ាប់​

​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​បារាំង បាន​លើកឡើងថា ស្ថានភាព​នៃ​តម្លៃ​ប្រេង​កើនឡើង​ខ្ពស់​ដោយសារតែ​ផលប៉ះពាល់​បង្កឡើង​ដោយ​សង្គ្រាម​រវាង​រុស្ស៊ី​និង​អ៊ុយ​ក្រែ​ន នឹង​ជះ​ឥ​ទ្ថិ​ពល​អាក្រក់​ដល់​វិស័យ​ថាមពល​ប្រេង​ដូច​នៅ​ឆ្នាំ​១៩៧៣ ។​

​សារព័ត៌មាន AFP បាន​ផ្សាយ​ថា រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​បារាំង លោក Bruno Le Maire មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ នៅ​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃទី ៩​ខែមីនា​ថា វិបត្តិ​ថាមពល​ប្រេង​នៅពេលនេះ គឺ​ពិតជា​ធ្ងន់​ធ្ងូ​រ ប្រហាក់ប្រហែល​នឹង​វិបត្តិ​ប្រេង​កាលពី​ឆ្នាំ ១៩៧៣ នោះដែរ​។​

​លោក Bruno Le Maire បាន​រំលឹក​ឡើងវិញ​ពី​តម្លៃ​ប្រេង នៅ​ឆ្នាំ ១៩៧៣​បាន​នាំឱ្យមាន​ការតក់ស្លុត​នៃ អតិផរណា ដោយ​បង្ខំ​ឱ្យ​ធនាគារកណ្តាល​ដំឡើង​អត្រា​ការប្រាក់​ក្នុងពេល​ដំណាលគ្នា ដែល​រារាំង​ដល់​កំណើនសេដ្ឋកិច្ច​។ លោក​បាន​បញ្ជាក់ថា អតិផរណា​ដែល​នៅ​ទ្រឹង​នេះ​គឺជា​អ្វីដែល​ពិភពលោក​ត្រូវ​ជៀសវាង​នៅ​ឆ្នាំ​២០២២​។​

​នៅ​ឆ្នាំ​១៩៧៣ ដោយសារតែ​សង្គ្រាម​រវាង​កម្លាំង​ទាហាន អេ​ហ្ស៊ី​ប និង​ស៊ី​រី ជាមួយ​ប្រទេស​អ៊ីស្រាអែល​បង្ក​ឲ្យ​មាន​វិបត្តិ​ប្រេង​។ ក្នុងពេលនោះ​ប្រទេស​អារ៉ាប់​ចំនួន​៦ នៅក្នុង​អង្គការ​OPEC បាន​ហាម​លក់​ប្រេង​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល និង​ប្រទេស​ដែល​គាំទ្រ​អ៊ីស្រាអែល​នៅក្នុង​សង្គ្រាម​នោះ មាន​អាមេរិក​ជាដើម​។ ការហាម​ប្រាម​នោះបាន​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​លើ​ពិភពលោក ធ្លាក់​ក្នុង​វិបត្តិ ដោយ​តម្លៃ​ប្រេង​ឡើងថ្លៃ​ខ្ពស់​ដល់​ទៅ​៤​ដង​។​

​ការលើកឡើង​របស់ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​បារាំង ក្រោយពេល​អាមេរិក និង​អង់គ្លេស បានប្រកាស​ដាក់ទណ្ឌកម្ម​ទៅលើ​វិស័យ​ប្រេង​របស់​រុស្ស៊ី បាន​ជំរុញ​ឲ្យ​តម្លៃ​ប្រេង​កើនឡើង​ដល់​ទៅ ១៣០ ដុល្លារ​ក្នុង​១​បារ៉ែល​។​

​ជាមួយគ្នានេះដែរ​អង្គការ OPEC ក៏បាន​ប្រកាសថា មិនមាន​ប្រទេស​ណាមួយ​អាច​ជំនួស​រុស្ស៊ី​ក្នុងការ​ផ្គត់ផ្គង់​ប្រេង​ដល់​ពិភពលោក​នោះឡើយ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close