កម្ពុជា -ប៉ាគីស្ថាន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែម លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឲ្យ លោក Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតថ្មី នៃ សាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។
នៅក្នុងជំនួបពិភាក្សានោះដែរ ឧបនាយករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ចំពោះ លោក Zaheeruddin Babar Thaheem ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតប៉ាគីស្ថាន ប្រចាំនៅកម្ពុជា និងបាន សម្តែងនូវជំនឿជាក់ថាក្នុងអាណត្តិ របស់ លោកឯកអគ្គរដ្ឋទូត ទំនាក់ទំនង និងកិច្ចសហប្រតិ- បត្តិការទ្វេភាគី នឹងត្រូវបានលើកកម្ពស់បន្ថែមទៀត ព្រមទាំងបានបញ្ជាក់អំពីការត្រៀមផ្តល់កិច្ច សហការពេញលេញរបស់ក្រសួងការបរ ទេសនិងសហប្រតិបត្តិការអន្តរជាតិដល់ លោក ក្នុងការបំពេញបេសកកម្មឱ្យទទួលបានជោគ ជ័យ។
ជាការឆ្លើយតប លោក ឯកអគ្គរដ្ឋទូតបានគូស បញ្ជាក់ថា នឹងខិតខំធ្វើយ៉ាងណាឱ្យ ទំនាក់ទំនងទ្វេភាគីនឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ក្នុងអាណត្តិការទូតរបស់លោក។ លោក បានអបអរសាទរកម្ពុជា ចំពោះតួនាទីជាប្រធានអាស៊ាន និងបានសម្តែងក្តីសង្ឈឹមថាលោក ឧប នាយករដ្ឋមន្ត្រី នឹងសម្រេចបានជោគជ័យក្នុងតួនាទីជាប្រេសិតពិសេសរបស់ ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ជាពិសេស ក្នុងការស្វែងរកដំណោះ ស្រាយសម្រាប់វិបត្តិមីយ៉ាន់ម៉ា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះរដ្ឋាភិបាលប៉ាគីស្ថាន ដែលបាន គ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩ បានល្អ តាមរយៈការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ខ្លួន ហើយ លោក ក៏បានលើកឡើងអំពីលទ្ធផលជោគជ័យត្រចះ ត្រចង់នៃយុទ្ធនាការចាក់វ៉ាក់សាំង របស់កម្ពុជា ដែលប្រជាជនប្រមាណ ៩២% នៃប្រជាជនសរុប បានចាក់វ៉ាក់សាំងរួច ហើយដែល អនុញ្ញាតឱ្យកម្ពុជាអាចបើកសកម្មភាពសង្គម-សេដ្ឋកិច្ច និងទេសចរណ៍របស់ប្រទេសឡើងវិញ ជាបណ្តើរៗ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និង លោកឯកអគ្គរដ្ឋ ទូត បានកត់សម្គាល់ដោយពេញចិត្ត ចំពោះការកើនឡើងនូវទំនាក់ទំនងជាមិត្តភាពរវាងប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងបានឯក ភាពពង្រឹងនិងពង្រីកបន្ថែមទៀតនូវ ទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការវាងប្រទេសទាំងពីរ រួម មាន សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ និងការពារជាតិ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីការត្រៀមទទួលស្វាគមន៍ គម្រោងទស្សនកិច្ចនៅកម្ពុជាក្នុងឆ្នាំនេះរបស់លោករដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន ដែលជាឱកាស ដ៏សំខាន់សម្រាប់ការលើក ស្ទួយថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកពីបំណងចង់បើកស្ថានទូតកម្ពុជាប្រចាំនៅប៉ាគី ស្ថាននាពេលអនាគត ហើយបានពិភាក្សាជាមួយលោក ឯកអគ្គរដ្ឋទូត អំពីលទ្ធភាពនៃការផ្លាស់ប្តូរការ សម្របសម្រួល រវាងប្រទេសទាំងពីរសម្រាប់គោលដៅនេះ។
លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់អំពីការគាំទ្រដ៏ពេញលេញរបស់រដ្ឋាភិបាលប៉ាគីស្ថាន ចំពោះកម្ពុជា ដើម្បីក្លាយជាអ្នកសង្កេតការណ៍ក្នុងអង្គការកិច្ចសហប្រតិបត្តិការអ៊ីស្លាម (Organisa tion of Islamic Coopera tion-OIC)។
លោក ឧបនាយករដ្ឋមន្ត្រី និង លោក ឯកអគ្គរដ្ឋទូត ក៏បានផ្លាស់ប្តូរទស្សនៈគ្នាលើ បញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍រួមផងដែរ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។