នាវាជប៉ុន ២គ្រឿង គ្រោងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល៣ថ្ងៃ
ខេត្តព្រះសីហនុ៖ បើតាមមន្ត្រីកងទព័ជើងទឹកកម្ពុជា បានឲ្យដឹងថា នាវាស្វយការពារជប៉ុនចំនួន ២គ្រឿង ប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក គ្រោងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃ១៥ ដល់១៧ ខែមីនា ឆ្នាំ២០២២ ខាងមុខ ដើម្បីសម្តែងការគួរសមនិងបំពេញទស្សនកិច្ចជាមិត្តភាពនៅកម្ពុជា និងជាការរំលឹកអបអរសាទ ខួបលើកទី៣០ នៃកិច្ចសហប្រតិបត្តិការរក្សាសន្តិភាពនៅក្នុងប្រទេសកម្ពុជា។
មន្ត្រីកងទព័ជើងទឹកកម្ពុជា បានបន្ថែមថា ក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា ប្រតិភូនាវាស្វយការពារជប៉ុននឹងជួបសម្តែងការគួរសមជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ផងដែរ។
សូមបញ្ជាក់ថា នាវាទី១ ឈ្មោះ URAGA – 463 ជាប្រភេទនាវាប្រឆាំងមីន មានបណ្ដោយ ១៤១ម ទទឹង ២២ម ជម្រៅទឹក ៥.៤ម មានទំងន់ផ្ទុក ៥.៦៥០តោន និងមាននាវិកចំនួន ១២៦នាក់។ នាវាទី២ ឈ្មោះ HIRADO – 305 មានបណ្ដោយ ៦៧ម ទទឹង ១១ម ជម្រៅទឹក ២.៧ម មានទំងន់ផ្ទុក ៦៩០តោន និងមានក្រុមចំនួន ៥៤នាក់។
នាវាទាំង២គ្រឿង ដឹកនាំបញ្ជារួមដោយលោក Noguchi Yasushi មេបញ្ជាការកងពលធំទី១ បោសសំអាតមីន ប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។