ក្រុម​ធី​អិន​កណ្តាល គ្រង​ជើងឯក ពានរង្វាន់​បាល់ទាត់​ឯកឧត្តម​អភិបាលខេត្ត​កណ្តាល​

​ក្រុម​ធី​អិន​កណ្តាល បាន​ក្លាយជា​ម្ចាស់​ជើងឯក ពានរង្វាន់​បាល់ទាត់ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល បន្ទាប់ពី​បាន​យកឈ្នះ​ក្រុមយុវជន​ស្រុក​មុខកំពូល ២​ទល់​១ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ កាលពី​ល្ងាច​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២២ នៅ​កីឡដ្ឋាន​ខេត្តកណ្តាល​។​

​ក្រុម​ធី​អិន​កណ្តាល​ទទួលបាន​ពានរង្វាន់ អមដោយ​ថវិកា ១២​លាន​រៀល​, ក្រុម​រងជើង​ឯក យុវជន​ស្រុក​មុខកំពូល ៨​លាន​រៀល​, លេខ​៣ យុវជន​ស្រុក​ល្វាឯម ៦​លាន​រៀល និង​លេខ​៤ ក្រុមយុវជន​ស្រុក​ខ្សាច់កណ្តាល ៣​លាន​រៀល​។ ក្រុមយុវជន​ល្វាឯម គឺជា​ក្រុម​គោរព​វិន័យ​ល្អ ដោយ​ទទួលបាន​ថវិកា ៣​លាន​រៀល ខណៈ​ជ័យលាភី​ឯកត្តជន​រួមមាន​៖ កីឡាករ អ៊ឹម សុ​ផា​និត្យ យុវជន​ស្រុក​ខ្សាច់កណ្តាល ឈ្នះ​ពាន​ទាត់​ប​ញ្ជូ​ល​ទី​ច្រើនជាងគេ ៥០​ម៉ឺន​រៀល និង​អ្នកចាំទី​ល្អ​ជាងគេ បាន​ទៅលើ កីឡាករ នួន វាសនា នៃ​ក្រុម​ធី​អិន​កណ្តាល ៥០​ម៉ឺន​រៀល​។​

​ឯកឧត្តម ធុល នាង ប្រធាន​គណៈកម្មការ​រៀប​ចំការ​ប្រកួត​ពានរង្វាន់​នេះ​បាន​បញ្ជាក់ថា តាមរយៈ​ការប្រកួត​ជា​លើក​ទី​១​នេះ​ធ្វើ​ឲ្យ​យើង​ទទួលបាន​នូវ​បទពិសោធ ក្នុង​ការរៀបចំ​កម្មវិធី​ប្រកួត និង​កាន់តែ​ចាប់អារម្មណ៍​មានការ​ចូលរួម​ពី​សំណាក់​យុវជន ដែលជា​កម្លាំង​ដ៏​មាន​សក្តានុពល​លើ​គ្រប់​វិស័យ រួមជាមួយ​នឹង​ភាព​ទាក់ទាញ​បាន​ផ្តល់នូវ​ការផ្លាស់ប្ដូរ​បទពិសោធ​គ្នា​ទៅវិញទៅមក ស្របតាម​លក្ខណៈ​បច្ចេកទេស​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ផងដែរ​។​

​ប្រធាន​គណៈកម្មការ​រៀប​ចំ​រូបនេះ​បន្ថែមទៀតថា តាមរយៈ​ព្រឹត្តិការណ៍​នេះ​បានធ្វើ​ឲ្យ​រដ្ឋបាលខេត្ត​ទទួលបាន​ធនធាន​កីឡាករ​ជា​យុវជន ដែល​មកពី​បណ្តា​ក្រុង​-​ស្រុក​-​មន្ទីរ ជុំវិញ​ខេត្ត ក៏ដូចជា​យុវជន​ក្នុង​វិស័យ​ឯកជន ដែល​ធ្វើ​ឲ្យ​ខេត្ត​អាច​ជ្រើសរើស​កីឡាករ​ជា​យុវជន​ដែល​ចូលរួម​ប្រកួត​ក្នុង​ការប្រកួត​កីឡាបាល់ទាត់​ដណ្ដើម​ពានរង្វាន់ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល ឆ្នាំ​២០២២​នេះ ដើម្បី​ចងក្រង​រៀបចំ និង​បង្កើត​ទៅជា​ក្រុមកីឡា​បាល់ទាត់​របស់​ខេត្ត ក្នុងការ​ចូលរួម​ប្រកួត​កីឡាបាល់ទាត់​នៅតាម​បណ្តា​រាជធានី​-​ខេត្ត ក៏​ដូច​ថ្នាក់ជាតិ​បាន ស្របទៅតាម​ការអភិវឌ្ឍ​នៃ​វិស័យ​បាល់ទាត់​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល​បាន​លើកឡើងថា រាជរដ្ឋាភិបាល ក្រសួង​អប់រំ យុវជន និង​កីឡា សហព័ន្ធ​កីឡា​ជាតិ ក៏ដូចជា​រដ្ឋបាលខេត្ត​កណ្តាល​បាន​យកចិត្តទុកដាក់​លើកទឹកចិត្ត និង​គាំទ្រ​ចំពោះ​បងប្អូន​យុវជន យុវនារី សិស្សានុសិស្ស ក្នុងការ​ចូលរួម​លេង​កីឡា​គ្រប់​ប្រភេទ ដើម្បី​សុខភាព និង​ចូលរួម​លើកកម្ពស់​វិស័យ​កីឡា​នៅ​កម្ពុជា ដើម្បី​ចូលរួម​គាំទ្រ​ដល់​ដំណើរការ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​កីឡា ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់​កម្ពុជា​។​

​ឯកឧត្តម​អភិបាលខេត្ត​សង្កត់ធ្ងន់ថា «​ខ្ញុំ​សូម​អំពាវនាវ​ដល់​យុវជន យុវនារី ចូលរួម​ក្នុង​សកម្មភាព​គ្រប់​ប្រភេទ​កីឡា ជៀស​ឆ្ងាយ​ពី​អំពើ​អបាយមុខ​ផ្សេងៗ ដើម្បី​អនាគត​យើង គ្រួសារ​យើង និង​សង្គមជាតិ​របស់​យើង ឈានឆ្ពោះ​ទៅរក​ភាពសម្បូរ​សប្បាយ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ព្រមទាំង​ចូលរួម​ផ្សព្វផ្សាយ និង​ការពារ​ឱ្យបាន​នូវ​តម្លៃ​នៃ​សុខសន្តិភាព ទោះ​ក្នុង​កាលៈទេសៈ​យ៉ាងណាក៏ដោយ​»៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close