អាជ្ញាធរ​ជាតិ​អប្សរា កំពុង​កាត់​ក្រី និង​ដកហូត​ដើមឈើ​មាន​ហានិភ័យ​ខ្ពស់ នៅ​បរិវេណ​ប្រាសាទបន្ទាយក្តី​

​ក្រុមការងារ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន និង​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា រួមជាមួយ​ផ្នែក​ពាក់ព័ន្ធ​បាន​ចុះ​ពិនិត្យ និង​កំពុង​អនុវត្ត​វិធានការ​បន្ទាន់​ចំពោះ​ដើមឈើ​ដែល​បង្ក​ហានិភ័យ​ខ្ពស់​មកលើ​រចនាសម្ព័ន្ធ​ប្រាសាទបន្ទាយក្តី ដើម្បី​ធានា​សុ​វត្តិភាព​អ្នកដំណើរ​ដែល​ឆ្លងកាត់​ទីនោះ ជៀសវាង​គ្រោះថ្នាក់​ប៉ះពាល់​ដល់​អាយុជីវិត និង​ជួយ​សម្រាល​តួ​ដើម បង្ការ​កុំ​ឲ្យ​ដួលរលំ​ប៉ះពាល់​ដល់​រចនាសម្ព័ន្ធ​ប្រាសាទ​កាន់តែ​ធ្ងន់ធ្ងរ និង​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​ការ​ទស្សនា​ប្រាសាទ​នេះ ព្រមទាំង​ឲ្យ​មាន​សោភ័ណភាព​ស្រស់ស្អាត​ផង​។​

​ដើមឈើ​ដែល​បាន និង​កំពុង​កាត់​ក្រី​មាន​ចំនួន​១៧​ដើម​រួមមាន ឈើទាល​៦​ដើម ចំបក់​៣​ដើម ខ្ចាស់​២​ដើម​ត្រាង​១​ដើម ស្រឡៅ​៣​ដើម ស្វាយព្រៃ​១​ដើម និង​ត្រាច​១​ដើម ត្រូវបាន​កាត់​ក្រី​មែក​រស់ និង​មែក​ងាប់​ចំនួន​៤២​មែក​ចេញ​។

​ចំណែកឯ​ដើមឈើ​ដែល​កំពុង​ដកហូត​មាន​ចំនួន​១៦​ដើម​រួមមាន ក្រឡាញ់​៣​ដើម ដកព​២​ដើម ឈើទាល​២​ដើម ស្រឡៅ​១​ដើម ជ្រឹង​១​ដើម សង្កែ​១​ដើម ត្រាង​១​ដើម ចាន់​១​ដើម ពង្រ​១​ដើម ខ្ចាស់​១​ដើម អង្កាញ់​១​ដើម និង​ត្រ​យឹ​ង​១​ដើម ដែល​ស្ថានភាព​ដើមឈើ​ទាំងនេះ​ដុះ​ទ្រេត​នៅលើ​ផ្លូវ​ក្បែរ​ខ្លោងទ្វារ​ខាងកើត លើ​កំពែង និង​ជាប់​ខឿន​ប្រាសាទ មាន​មែក​សាខា​ច្រើន​ងាយ​នឹង​បាក់​ដួលរលំ មាន​ប្រព័ន្ធ​ឬ​ស​ចាក់​ចូលក្នុង​រចនាសម្ព័ន្ធ​ប្រាសាទ​ផង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close