សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅស្វាគមន៍កងស្វ័យការពារជើងទឹកប្រទេសជប៉ុន នៅខេត្តព្រះសីហនុ
ភ្នំពេញ៖ នាវាកងស្វ័យការពារជើងទឹក ប្រទេសជប៉ុន នឹងចូលចតជាផ្លូវការ នៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១៤-១៧ ខែមីនា ឆ្នាំ២០២២ ហើយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញសំណេះសំណាល និងពិសារបាយសាមគ្គីជាមួយក្រុមមន្ត្រី នៃកងស្វ័យការពារជើងទឹក ប្រទេសជប៉ុន ផងដែរ។
លោកឧត្ដមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាន នគរបាលការពារព្រំដែនទឹក បានចុះត្រួតពិនិត្យកងកម្លាំង និងធ្វើការណែនាំមុន នឹងចុះតាមគោលដៅអនុវត្តផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ប្រធាននាយកដ្ឋាន នគរបាលការពារព្រំដែនទឹក បានឱ្យដឹងថា សម្តេចតេជោ នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល និងពិសារបាយសាមគ្គីជាមួយនាយនាវី និងពលនាវិក នៃកងស្វ័យការពារជើងទឹកប្រទេសជប៉ុន ក្នុងខេត្តព្រះសីហនុ នៅទីបញ្ជាការអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ។
សូមជម្រាបថា នាវាស្វ័យការពារជប៉ុនទាំងពីរគ្រឿង មានឈ្មោះទី១. URAGA – 463 មាន បណ្ដោយ១៤១ម៉ែត្រ ទទឹង២២ម៉ែត្រ ជម្រៅទឹក ៥,៤ ម៉ែត្រ មានទម្ងន់ផ្ទុក ៥.៦៥០តោន និងមាននាវិកចំនួន១២៦នាក់។ នាវាទី២.ឈ្មោះ HIRADO – 305 មានបណ្ដោយ៦៧ម៉ែត្រ ទទឹង១១ម៉ែត្រ ជម្រៅទឹក២,៧ ម៉ែត្រ មានទម្ងន់ផ្ទុក៦៩០តោន និងមាននាវិក ចំនួន៥៤នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។