ឃាត់រថយន្តទំនើបរបស់ស្រីស្អាតមួយគ្រឿង សង្ស័យគ្មានពន្ធ និងពាក់ស្លាកលេខក្លែងក្លាយ
(បន្ទាយមានជ័យ) ៖ មន្ត្រីគយ និងរដ្ឋករតំបន់៥ បានឃាត់រថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកឡិចស៊ីស RX.350 ដែលត្រូវគេសង្ស័យថា គ្មានពន្ធ និងពាក់ស្លាកលេខក្លែងក្លាយ ដើម្បីមានវិធានការតាមផ្លូវច្បាប់ កាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ នៅចំណុចមុខផ្សារអគ្គរថ្មី ស្ថិតក្នុងភូមិប៉ាលិលេយ្យមួយ សង្កាត់-ក្រុងប៉ោយប៉ែត។
មន្ត្រីគយ និងរដ្ឋករតំបន់៥ ប្រចាំខេត្តបន្ទាយមានជ័យ បានអោយដឹងថា ដោយអនុវត្តន៍តាមការណែនាំពីរាជរដ្ឋាភិបាលកម្ពុជា និងវិធានការពីអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា ដើម្បីពង្រឹកការប្រមូលពន្ធជូនរដ្ឋ មន្ត្រីគយ និងរដ្ឋករការិយាល័យ បានស្រាវជ្រាវ និងធ្វើការបង្ក្រាបអំពើរត់ពន្ធតំបន់៥ ប្រចាំខេត្ត ដោយបានធ្វើការស្រាវជ្រាវ រហូតឃាត់រថយន្ត១គ្រឿង ម៉ាកឡិចស៊ីស ពណ៌ស RX.350 ដែលមានពាក់ស្លាកលេខភ្នំពេញ 2AP.1389 ដែលត្រូវសង្ស័យថា គ្មានពន្ធ ហើយនឹងពាក់ស្លាកលេខក្លែងក្លាយ។
មន្ត្រីគយ និងរដ្ឋករ រូបនោះ បានបញ្ជាក់ថា ៖ ក្រោយឃាត់រថយន្ត១គ្រឿងខាងលើ ដែលសង្ស័យគ្មានពន្ធ និងពាក់ស្លាកលេខក្លែងក្លាយ ហើយត្រូវបានមន្ត្រីគយ និងរដ្ឋករតំបន់៥ យកទៅរក្សាទុកនៅការិយាល័យការិយាល័យ ស្រាវ ជ្រាវបង្ក្រាបអំពើរត់ពន្ធតំបន់៥ប្រចាំខេត្តបន្ទាយមានជ័យ (ចំណុចស្ពានទឹកថ្លា) ដើម្បីអោយម្ចាស់យកឯកសាររថយន្ត បើគ្មានពន្ធទេ នឹងអោយម្ចាស់រថយន្តទៅបង់ពន្ធតាមច្បាប់កំណត់។
មន្ត្រីគយ និងរដ្ឋករតំបន់៥ បានបញ្ជាក់ថា ៖ មន្ត្រីគយ និងរដ្ឋករតំបន់៥ នឹងបន្តអនុវត្តការងារបង្ក្រាបបទល្មើសរថយន្តគេចពន្ធ និងគ្មានពន្ធដូចភ្លៀងរលឹម ដើម្បីប្រមូលពន្ធជូនរដ្ឋ ហើយសុំអោយម្ចាស់រថយន្តដែលគ្មានពន្ធ និងមិនទាន់បានបង់ពន្ធជូនរដ្ឋ ត្រូវចូលមកបង់តាមច្បាប់កំណត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។