ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ គ្រោងដាក់ឱ្យប្រើ់ប្រាស់សាកល្បងនៅចុងសប្តាហ៍នេះ
ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដែលជាគម្រោងរបស់ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ គិតមកដល់ពេលនេះ ការដ្ឋានទាំង មូល សម្រេចបានប្រមាណ ៩៨ ទៅ ៩៩ ភាគរយហើយ ពោលគឺអាចនឹងរួចរាល់នៅចុងសប្តាហ៍នេះ ហើយអាចដាក់ឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ ឆ្លងកាត់ ជាបណ្តោះអាសន្ន។
ក្នុងឱកាសដឹកនាំមន្ត្រីជំនាញ ក៏ដូចជា ក្រុមហ៊ុនទទួលម៉ៅការសាងសង់ ស្ពានអាកាស និងផ្លូវក្រោមដី កាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ លោក ឃួន ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ស្ពានអាកាស និងផ្លូវក្រោមដី នៃរង្វង់មូល ចោមចៅ ការដ្ឋានទាំងមូល បានសម្រេចប្រមាណ ៩៨ ទៅ ៩៩ ភាគរយហើយ ពោលគឺ នៅតែរយៈពេល ៥ ថ្ងៃទៀត ការដ្ឋានមួយនេះ នឹងស្ថាបនាបានរួចរាល់ ហើយរដ្ឋបាលរាជធានី គ្រោងនឹងសុំគោលការណ៍ ទៅសម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកឲ្យដំណើរការ ជាបណ្ដោះអាសន្ន ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ អាចធ្វើដំណើរ ឆ្លងកាត់បាន ហើយនៅពេលវេលា ដ៏សមគួរមួយរដ្ឋបាលរាជធានីភ្នំពេញ និងសុំគោលការណ៍ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីអញ្ជើញសម្តេចតេជោ ជាអធិបតីភាព បើកសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ នៃស្ពានអាកាសថ្មី នៅរង្វង់មូលចោមចៅនេះ ជាផ្លូវការតែម្តង។
លោក ឃួង ស្រេង ក៏បានបញ្ជាក់ពីភាពយឺតយ៉ាវ បណ្តាលមកពីបញ្ហាជំងឺកូវីដ-១៩ ផងដែរ ដែលធ្វើឲ្យកម្មករ ក៏ដូចជា អ្នកទទួលការសាងសង់ អូសបន្លាយពេល ប៉ុន្តែទោះបីជា យ៉ាងណាក្តី ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នឹងអាចអោយប្រជាពលរដ្ឋ បានឆ្លងកាត់ ជាបណ្តោះអាសន្ន នៅប៉ុន្មានថ្ងៃ ខាងមុខនេះហើយ។
គួរបញ្ជាក់ថា ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ទទួលម៉ៅការសាងសង់ ដោយក្រុមហ៊ុនវិនិយោគទុន អាណិកជនកម្ពុជា (OCIC) បានបើកការដ្ឋានសាងសង់កាលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ដោយប្រើប្រាស់ការសាងសង់ ក្នុងរយៈពេល ៣០ខែ និងចំណាយថវិកាសាងសង់ ប្រមាណ ២២ លានដុល្លាអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។