អាមេរិក​ព្រមាន​ចិន ក្រោយ​ទទួលបាន​ព័ត៌មាន​ថា រុស្ស៊ី​ពឹងផ្អែក​ចិន​ក្នុងការ​គេច​ពី​ទណ្ឌកម្ម​

​កាលពី​ថ្ងៃទី​១៣​ខែមីនា រុស្ស៊ី​បានប្រកាសថា ពឹងផ្អែក​ទៅលើ​ចិន​ដើម្បី​បញ្ចៀស​ការដាក់ទណ្ឌកម្ម​ពី​ប្រទេស​លោកខាងលិច​ជុំវិញ​វិបត្តិ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​រុស្ស៊ី​លោក Anton Siluanov បានប្រកាសថា «​យើង​មាន​ប្រាក់​រក្សាទុក​ប្រមាណ​៦៤០​ពាន់​លាន​ដុល្លារ ក្នុងនោះ​មាន​មាស​និង​រូបិយវត្ថុ​អន្តរជាតិ​។ បច្ចុប្បន្ន​យើង​អាច​ប្រើប្រាស់​បាន​ប្រមាណ​តែ ៣០០​ពាន់​លាន​ដុល្លារ​តែប៉ុណ្ណោះ​ក្នុងចំណោម​នោះ​។​

​តាម​សារព័ត៌មាន TASS របស់​រុស្ស៊ី​បាន​ផ្សាយ​ថា តាម​ការលើកឡើង​រប​ស់លោក Anton Siluanov ប្រាក់​រក្សាទុក​របស់​រុស្ស៊ី គឺជា​រូបិយវត្ថុ​ចិន ប៉ុន្តែ​នៅពេលនេះ លោកខាងលិច​កំពុងតែ​ដាក់​គំនាប់​ទៅលើ​ចិន​ដើម្បី កាត់បន្ថយ​ការធ្វើ​ចរាចរណ៍​ជាមួយ​រុស្ស៊ី​។ ក្នុង​ពេលនេះ​រដ្ឋមន្ត្រី Anton Siluanov​បាន​បញ្ជាក់ថា ទំនាក់ទំនង​ដែ​គូរ​វាង​រុស្ស៊ី​និង​ចិន នឹង​អនុញ្ញាតិ​ឲ្យ​ទីក្រុង​មូ​ស្គូ រក្សា​កិច្ចសហប្រតិបត្តិការ​ណ៍ ក៏ដូចជា​ពង្រីក​ទីផ្សារ ខណៈ​ប្រ​ទេ​លោកខាងលិច បិទទ្វារ​។​

​ក្នុងពេល​នេះដែរ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក Jake Sullivan បាន​ព្រមាន​ថា​ទីក្រុង​ប៉េកាំង​នឹង​ទទួលលទ្ធផល​អាក្រក់​ប្រសិនបើ​ជួយ​ដល់ទី​ក្រុង​មូ​ស្គូ បញ្ចៀស​ការដាក់ទណ្ឌកម្ម​ពី​បណ្តា​ប្រទេស​លោកខាងលិច​។​

​ជាមួយគ្នានេះដែរ អាមេរិក​ក៏បាន​លើកឡើងថា រុស​ស្ស៊ី​បានស្នើរ​ដល់ ទីក្រុង​ប៉េកាំង​ផ្តល់ជំនួយ​ផ្នែក​យោធា​ដល់​ប្រទេស​រុស្ស៊ី​។ ស្ថានទូត​ចិន​ប្រចាំ​សហរដ្ឋអាមេរិក បាន​អះអាងថា ស្ថានទូត​មិនបាន​ទទួល​ព័ត៌មាន​អ្វី​អំពី​សំណើ​របស់​រុស្ស៊ី​ពាក់ព័ន្ធ​ការផ្តល់​ជំនួយ​ផ្នែក​យោធា​នោះទេ និង​បាន​គូសបញ្ជាក់ថា ការយកចិត្តទុកដាក់​របស់​ទីក្រុង​ប៉េកាំង គឺ​ផ្តោតលើ​ការធ្វើឱ្យ ស្ថាន​ការ​ណ៏​តានតឹង​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន ថយចុះ​ទៅវិញ​។​

​តាម​ការចុះផ្សាយ​របស់​កាសែត​អង់គ្លេស Financial Times កាលពី​ថ្ងៃ​ទ​១៣​ខែមីនា​កន្លងទៅ ដោយបាន​ដកស្រង់​សម្តី របស់​មន្ត្រី​អាមេរិក​មួយរូប​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​រាយ​ការ​ណ៏​ថា ទីក្រុង​មូ​ស្គូ​បាន​ស្នើសុំ​ប្រទេស​ចិន​សម្រាប់​ជំនួយ​ជា​គ្រឿង​បរិក្ខា​និង​ជំនួយ​ផ្នែក​យោធា​ផ្សេងទៀត ដើម្បី​គាំទ្រ​ការវាយប្រហារ​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន​។ របាយការណ៍​ដដែល​បាន​បន្ថែមថា សេត​វិមាន​មាន​ក្តីបារម្ភ​ថា ទីក្រុង​ប៉េកាំង​អាច​នឹងធ្វើ​ឲ្យ​ខូច​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់លោក​ខាងលិច ក្នុង​ការជួយ​អ៊ុយ​ក្រែ​ន ដើម្បី​ការពារ​ប្រទេស​របស់​ពួកគេ ប្រសិនបើ​ចិន​ជ្រើសរើស​ធ្វើតាម សំណើ​បែប​នោះ​មែន​។ ព័ត៌មាន​នេះ​ក៏​ត្រូវបាន​ចុះផ្សាយ​ដោយ​កាសែត​អាមេរិក និង​កាសែត​របស់​បស្ចិមប្រទេស​ផ្សេងទៀត​ផងដែរ​។​

​នៅពេល​ត្រូវបាន​គេ​សួរ​អំពី​របាយ​ការ​ណ៏​នេះ អ្នកនាំពាក្យ​ស្ថានទូត​ចិន លោក Liu Pengyu បាន​ប្រាប់​សារព័ត៌មាន Reuters ថា​ស្ថានទូត​ចិន មិន​ទទួលបាន​អំពី​ព័ត៌មាន​អំពី​សំណើ​បែបនេះ​ទេ ដោយ​លោក​បាន​និយាយថា គោលដៅ​អាទិភាព​របស់​ចិន ក្នុងការ​ដោះស្រាយ​ជម្លោះ​រវាង​រុស្ស៊ី​និង​អ៊ុយ​ក្រែ​ន គឺ «​ការពារ​ស្ថានការណ៍​តានតឹង កុំឱ្យ​កើនឡើង ឬ មិនអាច​គ្រប់គ្រង​បាន​»​។​

​លោក​បន្ថែមថា ទីក្រុង​ប៉េកាំង​រក្សា​ជំហរ​អព្យាក្រឹត​ក្នុង​ជម្លោះ​រវាង​រុស្ស៊ី​និង អ៊ុយ​ក្រែ​ន ដោយ​អំពាវនាវ​ឲ្យ​បញ្ចប់សង្គ្រាម​ប៉ុន្តែ​បដិសេធ​មិន​ចូលរួម​ជាមួយ​ក្រុម​ប្រទេស​លោកខាងលិច ក្នុងការ​ថ្កោលទោស ឬ​ដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close