ក្រសួងពាណិជ្ជកម្ម​ផ្លាស់ប្តូរ​ការ​កំណត់តម្លៃប្រេង​ពី១៥ថ្ងៃម្តង មក​ត្រឹម ១០ថ្ងៃម្តងវិញ

ការ​កំណត់តម្លៃ​ប្រេង​លក់រាយតាមស្ថានីយ៍ដែល​ត្រូវ​បានធ្វើ​ជា​រៀងរាល់១៥ថ្ងៃម្តង ពេលនេះ​ក្រសួងពាណិជ្ជកម្ម​បានសម្រេច​ធ្វើការ​ផ្លាស់ប្តូរ​មក​រយៈពេល១០ថ្ងៃម្តងវិញ ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា «ក្រសួងបានបើកកិច្ចប្រជុំជាមួយក្រសួងដែលពាក់ព័ន្ធដូចជា ក្រសួងហិរញ្ញវត្ថុ ក្រសួងរ៉ែ និងថាមពល និងផ្នែកឯកជន អ្នកដែលចែកចាយប្រេងឥន្ធនៈ និងបានឯកភាពគ្នាគាំទ្រនូវវិធានការរបស់រាជរដ្ឋាភិបាល ដែលពីមុនមកមាន១៥ថ្ងៃនៃការដាក់តម្លៃ ជូនប្រជាពលរដ្ឋ ជាពិសេសអ្នកដែលចែកចាយកុំឱ្យលើសពីតម្លៃហ្នឹង ប៉ុន្តែល្ងាចនេះ ខ្ញុំនឹងចុះហត្ថលេខា សុំសេចក្តីអនុញ្ញាតពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីផ្សព្វផ្សាយក្នុងរយៈ ពេល១០ថ្ងៃម្ដង មិនមែន១៥ថ្ងៃទៀតទេ ដើម្បីឱ្យឆាប់មានការផ្លាស់ប្ដូរប្រែប្រួលនូវតម្លៃ»។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អះអាងថា ការផ្លាស់ប្ដូរការជូនដំណឹងនេះ ជាវិធានការបឋមបំផុត ដើម្បីផ្ដល់ជូនភាពឈ្នះឈ្នះដល់អ្នកប្រើប្រាស់ប្រេងឥន្ធនៈ និងវិស័យឯកជនដែលចែកចាយប្រេងឥន្ធនៈ ដោយសារតែបច្ចុប្បន្ននេះ តម្លៃនៃប្រេងឥន្ធនៈ មានការប្រែប្រួលឡើងចុះលឿន។

បើតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម តម្លៃប្រេងមិនទាន់ហក់ឡើងថ្លៃពេកនោះទេ ប៉ុន្តែអាចនឹងឡើងថ្លៃ នៅពេលឆាប់ៗនេះ ដែលកើតចេញពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី ដោយសារជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ខណៈដែលប្រទេសរុស្សុីជាអ្នកផលិតប្រេងដ៏ធំមួយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close