UN៖ សង្គ្រាមអ៊ុយក្រែន គំរាមកំហែងដល់សន្តិសុខស្បៀងអាហារពិភពលោកទាំងមូល
កាលពីថ្ងៃទី១៤ខែមីនា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានថា សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន នឹងគំរាមកំហែងដល់មនុស្សជាតិទាំងមូល ។ លោក Antonio Guterres បញ្ជាក់ថា«ទិដ្ឋភាពនៃសង្គ្រាមបរមាណូ គឺមិនអាចនឹងស្មានដល់ ហើយពេលនេះស្ថិតនៅក្នុងរង្វង់ដែលអាច់ផ្ទុះឡើងគ្រប់ពេល»។
លោកAntonio Guterres បាននិយាយថាប្រតិបត្តិការយោធា ដែលកំពុងបន្តក្នុងប្រទេសអ៊ុយក្រែន នឹងបំផ្លាញវិស័យសន្តិសុខស្បៀងពិភពលោក ជាពិសេសបង្កផលប៉ះពាល់ដល់បណ្ដាប្រទេសមាន ប្រាក់ចំណូលទាប។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Antonio Guterres បានសង្កត់ធ្ងន់ថា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែននឹងធ្វើឲ្យប៉ះពាល់ដល់ប្រទេស នៅអាហ្វ្រិក និងប្រទេសដែលពឹងផ្អែកលើការនាំចូលស្បៀងអាហារពីប្រទេសទាំងពីរ។
លោកបន្តថា រុស្ស៊ី និងអ៊ុយក្រែន ផ្គត់ផ្គង់ប្រមាណពាក់កណ្តាលនៃប្រេងផ្កាឈូករ័ត្ន Sunflower Oil ពិភពលោក និងស្រូវសាលី ៣០ ភាគរយដល់ពិភពលោក។ ដោយឡែក អ៊ុយក្រែនតែមួយគត់ ផ្គត់ផ្គង់ជាងពាក់កណ្តាលនៃការផ្គត់ផ្គង់ស្រូវសាលី របស់កម្មវិធីស្បៀងអាហារពិភពលោក។
បើតាមលោក ហ្គូទែររ៉េស បណ្ដាប្រទេសអាហ្វ្រិក និងប្រទេសអភិវឌ្ឍន៏តិចតួច ចំនួន ៤៥ ប្រទេស បាននាំចូលស្រូវសាលី យ៉ាងហោចណាស់ ១ភាគ៣ ពីប្រទេសអ៊ុយក្រែន ឬ រុស្ស៊ី ក្នុងនោះមាន ១៨ប្រទេសនាំចូលយ៉ាងតិច ៥០ភាគរយ។ បច្ចុប្បន្នប្រទេស ទាំងនោះចាប់ផ្តើមទទួលរងផលប៉ះពាល់ពីប្រតិបត្តិការយោធារួចទៅហើយ។ ប្រមុខ UN រូបនេះក៏បានប្រកាសផ្តល់ជំនួយចំនួន ៤០លានដុល្លារ ដើម្បីជួយដល់ប្រទេសដែលរងផលប៉ះពាល់ពីប្រតិបត្តិការយោធានេះផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។