មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ស្នើដល់អាជ្ញាធរមូលដ្ឋាន បញ្ឈប់រាល់ការចុះហត្ថលេខាបញ្ជាក់លើលិខិតផ្ទេរសិទ្ធិកាន់កាប់ដីរដ្ឋ
«សូមស្នើដល់រដ្ឋបាលឃុំ សង្កាត់ រដ្ឋបាលស្រុក បញ្ឈប់រាល់ការចុះហត្ថលេខាបញ្ជាក់លើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដីជាអាទិ៍ នៅលើដីដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះនៃដែនសមត្ថកិច្ចរបស់ខ្លួន»។ នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិ ស្ថាននិងធនធានធម្មជាតិនៅរដ្ឋបាលខេត្តកែប។
សិក្ខាសាលា មានរយៈពេល០២ថ្ងៃ ត្រូវបានរៀបចំឡើងដោយក្រុមមេធាវីក្រសួងបរិស្ថានដើម្បីផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាននិងធនធានធម្មជាតិដល់មន្ត្រីនៃស្ថាប័នតុលាការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីឧទ្យានុរក្ស មន្ត្រីអនុវត្តច្បាប់ និងអាជ្ញាធរដែនដីពាក់ព័ន្ធដែលមកពីខេត្តកែប និងខេត្តកំពត សរុបប្រមាណ ១៦០នាក់។ ឯកឧត្តមអភិបាលខេត្តកែប និងតំណាងរដ្ឋបាលខេត្តកំពតក៏បានចូលរួមជាអធិបតីនៃពិធីបើកសិក្ខាសាលានេះផង ដែរ។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់ថា គ្មានជនណាម្នាក់មានសិទ្ធិទិញឬលក់ដីធ្លីនៅក្នុងតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះនៅតាមបណ្ដាខេត្តនានាបានឡើយ ហើយក្រសួងបរិស្ថានស្នើឱ្យពលរដ្ឋឈប់ចាញ់ បោកមេខ្យល់ ឬក្រុមជនខិលខូច ដោយនាំគ្នាទៅទិញដី ឬ ទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិ ព្រោះមិនមានការទទួលស្គាល់ឡើយ មិនតែប៉ុណ្ណោះអាចនឹងប្រឈមមុខនឹងវិធានការច្បាប់ថែមទៀតផង។ ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានឱ្យ ដឹងថាមានក្រុមជនខិលខូចមួយចំនួនបានប្រើប្រាស់ប្រជាពល រដ្ឋដោយការជួលឱ្យទន្ទ្រានដីឱ្យខ្លួនលក់ក្នុងតម្លៃថោកៗ និងពេលខ្លះប្រើប្រាស់ពលរដ្ឋដើម្បីជាខែលក្នុងការតវ៉ាជាមួយអាជ្ញាធរដើម្បីស្នើសុំកាត់ឆ្វៀលដីឱ្យខ្លួនថែមទៀតផង។ ឯកឧត្តម នេត្រ ភក្ត្រា បានអំពាវនាវដល់ក្រុមជនខិលខូចគួរបញ្ឈប់វប្បធម៌ចូលទន្ទ្រានដីព្រៃរដ្ឋដោយខុសច្បាប់ ហើយពេលខ្លះប្រើប្រាស់ឯកសារក្លែងក្លាយដើម្បីទាមទារកាត់ឆ្វៀលដីមកធ្វើកម្មសិទ្ធិ។ ឯកឧត្តមបានថ្លែងថា មានករណីមិនប្រក្រតីជាច្រើនត្រូវបានរកឃើញ ហើយសមត្ថកិច្ចបាននិងកំពុងចាត់ការតាមនីតិវិធីច្បាប់។
គួរបញ្ជាក់ថាការរៀបចំសិក្ខាសាលានេះក្នុងគោលបំណងដើម្បីផ្សព្វផ្សាយនិងបញ្ជ្រៀបការយល់ដឹង ដល់ភាគីពាក់ព័ន្ធ ដើម្បីឱ្យមានការយល់ដឹងអំពីទិដ្ឋភាពច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យបរិស្ថាននិងធនធានធម្មជាតិ ព្រមទាំង ដើម្បីចូលរួមចំណែកទាំងអស់គ្នាក្នុងការការពារ អភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចិរភាព នៅក្នុង តំបន់ការពារធម្មជាតិ ដើម្បីជាឧត្តមប្រយោជន៍របស់ព្រះរាជាណាក្រកម្ពុជា កូនចៅជំនាន់ក្រោយ និងមនុស្សជាតិ ទាំងមូល។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា
ដើម្បីធ្វើការការពារ អភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព គឺតម្រូវឱ្យមានការចូលរួមចំណែកពី គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទើបអាចសម្រេចតាមផែនការនិងគោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែយកចិត្តទុកដាក់ និងគិតគូរដល់ការការពារ និងអភិរក្សធនធានធម្មជាតិ ដើម្បីជាឧត្តមប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ។
សិក្ខាសាលារយៈពេល ២ ថ្ងៃនេះ ថ្ងៃទី១៥-១៦ ខែមីនា ឆ្នាំ២០២២ ត្រូវរំពឹងថា នឹងទទួលបាននូវចំណេះដឹងនិងបទពិសោធពាក់ព័ន្ធនឹងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និងច្បាប់ពាក់ព័ន្ធនានា ដើម្បីពង្រឹងឱ្យកាន់តែប្រសើរថែមទៀត នូវការយល់ដឹងទូលំទូលាយ អំពីច្បាប់ដែលអនុវត្តចំពោះតំបន់ការពារធម្មជាតិ ដែលជាប្រភពនៃសិទ្ធិ កាតព្វកិច្ច និងទំនួលខុសត្រូវរបស់ភាគីពាក់ព័ន្ធទាំងអស់ ព្រមទាំងដំណើរវិវដ្តរនៃបទប្បញ្ញត្តិច្បាប់ដែលពាក់ព័ន្ធ ការយល់ដឹងកាន់តែច្បាស់បន្ថែមទៀត អំពីអំពើដែលត្រូវបានហាមឃាត់ និងចាត់ជាបទល្មើសនៅក្នុងតំបន់ការពារធម្មជាតិ ក៏ដូចជាទោសទណ្ឌ និងជាពិសេសគឺការអនុវត្តនីតិវិធីមទាំងការរៀបចំសំណុំរឿងដាក់ជូនអាជ្ញាធរតុលាការ ដើម្បីកិច្ចការស៊ើបអង្កេត និងជំនុំជម្រះដើម្បីផ្តន្ទាទោសជនលើ្មសតាមច្បាប់។ ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានសំណូមពរដល់រាល់សិក្ខាកាមពីគ្រប់មជ្ឈដ្ឋានទាំងអស់មេត្តាយកចិត្តទុកដាក់ នឹងត្រងត្រាប់ឱ្យបានសកម្មនិងពេញលេញ និងសង្ឃឹមយ៉ាងមុតមាំថា សិក្ខសាលានេះ នឹងផ្តល់ជូនសិក្ខាកាមនូវធាតុចូលបន្ថែមអំពីច្បាប់ដែលអនុវត្តលើតំបន់ការពារធម្មជាតិ ការត្រៀមលក្ខណៈដើម្បីបង្ការ និងបង្រាបបទល្មើស ក្នុងតំបន់ការពារធម្មជាតិ និងការរៀបចំសំណុំរឿងប្រកបដោយប្រសិទ្ធភាព និងអនុលោមភាពផ្លូវច្បាប់ពេញលេញ ដើម្បីដាក់ជូនអាជ្ញាធរតុលាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។