ខេត្តសៀមរាប ចាប់ផ្ដើម​បំពាក់​បំពង់​ពន្លត់​អគ្គិភ័យ​សម្រាប់​សង្គ្រោះ​បឋម នៅតាម​ម៉ូតូ​ចល័ត​របស់​មន្ត្រីនគរបាល​

​ខេត្តសៀមរាប​៖ លោក​វរសេនីយ៍ឯក ជិម សុវណ្ណ ស្នងការរង ទទួល​ដឹកនាំ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានឱ្យដឹង​កាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២២ ថា ដើម្បី​ជួយសង្គ្រោះ​បឋម​នៅពេល​មាន​អគ្គិភ័យ​កើតឡើង លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី តេង ចាន់​ណាត ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន សម្រេច​បំពាក់​បំពង់​ពន្លត់​អគ្គិភ័យ​នៅតាម​ម៉ូតូ​ចល័ត​របស់​មន្ត្រីនគរបាល ដែល​ប្រចាំការ​នៅតាម​គោលដៅ​នានា​ក្នុង​ក្រុង​សៀមរាប ជាពិសេស​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​រថយន្តបុក​គ្នា​បណ្តាលឱ្យមាន​អគ្គិភ័យ​នោះ មន្ត្រីនគរបាល​ចរាច​ណ៍ ដែល​បាន​ទៅដល់​គោលដៅ​កើតហេតុ​មុនគេ គឺអាច​ជួយសង្គ្រោះ​បឋម​បាន​ទាន់ពេលវេលា ។​

​លោក​បាន​បន្តថា កន្លងមក​ពេល​មាន​គ្រោះ​អគ្គីភ័យ​តូចតាច ឬ​គ្រោះថ្នាក់​ចរាច​ណ៍​បង្កឱ្យមាន​អគ្គិភ័យ​ផ្តើមចេញពី​តូច​មួយ តែ​ពេល​មន្ត្រីនគរបាល​ចរាច​រណ៍​ទៅដល់​គោលដៅ​កើតហេតុ​មុនគេ បាន​ត្រឹម​បញ្ជៀ​ស​ចរាចរណ៍​ប៉ុណ្ណោះ​ដោយ​មិន​អាចជួយ​គ្រោះ​បឋម​បាន​នោះទេ​ដោយសារតែ​គ្មាន​ឧបករណ៍ ប៉ុន្តែ​ចាប់ពីពេលនេះ​ទៅ បើ​មាន​ករណី​អគ្គិភ័យ​ក្នុង​ទំហំ​តូច ហើយ​មន្ត្រីនគរបាល​ច​រា​ចរណ៍​បាន​ទៅដល់​គោលដៅ​មុន​គឺ​ពួកគាត់​អាចជួយ​គ្រោះ​ទាន់ពេល ហើយ​សម្រាប់​ជំហាន​ដំបូង​នេះ គឺ​បំពាក់​បំពង់​ពន្លត់​អគ្គិភ័យ​សម្រាប់​នគរបាល​ចរាចរណ៍​ផ្លូវគោក​ចំនួន​៧​ម៉ូតូ ដោយ​ក្នុង​មួយ​ម៉ូតូ​មាន​បំពង់​ពន្លត់​អគ្គិភ័យ​ចំនួន​២​បំពង់ ហើយ​នៅពេល​ខាងមុខ​យើង​គ្រោង​បំពាក់​ទៅលើ​ម៉ូតូ​ឱ្យបាន​ច្រើន​បន្ថែមទៀត​។​

​លោក​វរសេនីយ៍ឯក​បានបញ្ជាក់​ទៀតថា ដើម្បីឱ្យ​មន្ត្រីនគរបាល​ចរាចរ​ណ៍​ចេះ​ប្រើប្រាស់​បំពង់​ពន្លត់​អគ្គិភ័យ​នេះ​ឱ្យបាន​ត្រឹមត្រូវ​តាម​បច្ចេកទេស មន្ត្រី​ជំនាញ​ការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ក៏​បានមក​បង្ហាត់បង្រៀន​អំពី​របៀប​រក្សាទុក​បំព​ង់​ពន្លត់​អគ្គិភ័យ​ឱ្យបាន​ត្រឹមត្រូវ របៀប​ប្រើប្រាស់​ឱ្យបាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​ដោយបាន​ធ្វើ​ហាត់​សម​ជាក់ស្តែង​ផងដែរ​។​

​ក្នុងឱកាស​នោះដែរ​លោក​វរសេនីយ៍ឯក ជិម សុវណ្ណ បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ចូលរួម​សហកា​រ​ជាមួយ​សមត្ថកិច្ច​នៅពេល​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឱ្យមាន​អគ្គិភ័យ ឬ​ឃើញ​មាន​អគ្គិភ័យ​ដែល​ផ្តើម​ឆេះ​ដំបូង​ក្នុង​ទំហំ​តូច​អាចទាក់ទង​មក​មន្ត្រីនគរបាល​ចរាច​រណ៍​បាន ដែលមាន​លេខ​ទំនាក់ទំនង​នៅតាម​គ្រប់​ប៉ុស្តិ៍នគរបាល​ទាំងអស់​របស់​នគរបាល​ចរាចរណ៍​តាម​ដងផ្លូវ ។​

​សូមបញ្ជាក់ថា នេះ​ជា​លើកដំបូង​ហើយ​ដែល​នគរបាល​ចរាចរ​ណ៍​ផ្លូវគោក​បាន​បំពាក់​បំពង់​ពន្លត់​អគ្គិភ័យ​នៅតាម​ម៉ូតូ ដើម្បី​ជួយសង្គ្រោះ​ឱ្យបាន​ទាន់ពេលវេលា នៅពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍​បង្កឱ្យមាន​អគ្គិភ័យ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close