អ៊ុយក្រែន៖ រុស្ស៊ីចំណាយប្រាក់២ថ្ងៃអស់៥ពាន់លានដុល្លារក្នុងសង្គ្រាម
បើទោះបីការខូចខាតផ្នែកយោធានៅក្នុងប្រទេសអ៊ុយក្រែនគឺជារឿងសម្ងាត់ ប៉ុន្តែអ៊ុយក្រែនបានប៉ាន់ប្រមាណឃើញថា ទីក្រុងមូស្គូ រងការខូចខាតយ៉ាងខ្លាំង ដោយសារតែរថក្រោះរថពាស់ដែក យន្តហោះចម្បាំង ជាច្រើនត្រូវទាហានអ៊ុយក្រែនបាញ់កម្ទេច។ ការខូចខាតគិតជាទឹកប្រាក់ប្រមាណ ៥ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលតែ២ថ្ងៃដំបូងនៃសង្គ្រាម។
ជាមួយគ្នានេះសង្គ្រាមវាយប្រហារអ៊ុយក្រែនធ្វើឲ្យ ទីផ្សារមូលបត្រក្នុងប្រទេសរុស្ស៊ីត្រូវបិទទ្វារ តម្លៃប្រាក់រុស្ស៊ីធ្លាក់ថ្លៃយ៉ាងខ្លាំង មិនធ្លាប់មានពីមុនមក។ ជាមួយគ្នានេះសហគមន៍អន្តរជាតិ បានដាកទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីទៀត ធ្វើឲ្យការខាតបង់ប្រាក់កាន់តែច្រើន។
តាមការវាយតម្លៃពីក្រុមអ្នកជំនាញ សេដ្ឋកិច្ចរុស្ស៊ី នឹងធ្លាក់ចុះរហូតដល់ទៅ ៧% នៅក្នុងឆ្នាំនេះ ដែលពីមុនបានព្យាករណ៍ថានឹងកើនឡើង២% ។ មនុស្សមួយចំនួនក៏បានលើកឡើងថាសេដ្ឋកិច្ចរុស្ស៊ីអាចធ្លាក់ចុះដល់ទៅ១៥% ឯណោះ។
ជាមួយគ្នានេះដែរសហគមន៍អឺរ៉ុប បានព្យាយាមកាត់បន្ថយការអាស្រ័យទៅលើថាមពលរបស់រុស្ស៊ីដើម្បីបញ្ចៀសផលប៉ះពាល់។ ចំណែកអាមេរិក និងអង់គ្លេសបានសម្រេច លុបចោលទាំងស្រុង ការទិញប្រេង ថាមពលពីប្រទេសរុស្ស៊ី។
តាមការវាយតម្លៃពីប្រទេសអ៊ុយក្រែន ក្នុងសង្គ្រាមរុស្ស៊ីបានបាត់បង់ទាហានដល់ទៅ ១២ពាន់នាក់ ។ ប៉ុន្តែរុស្ស៊ីប្រកាសថាមានទាហានស្លាប់ប្រមាណ ៥០០នាក់ប៉ុណ្ណោះ ។ ពឹងផ្អែកទៅលើ GDP សម្រាប់មនុស្សម្នាក់ៗ បើទាហានរុស្ស៊ីស្លាប់ ១ម៉ឺននាក់ គឺត្រូវចំណាយប្រាក់អស់ដល់ ៤ពាន់លានុដុល្លារ នោះមិនគិតការសងសំណងពីរដ្ឋាភិបាលទៅលើគ្រួសារទាហានដែលពលីជីវិតក្នុងសមរភូមិ។
ចំណែកប្រទេសអ៊ុយក្រែន វិញ តាមការវាយតម្លៃ គឺបានខាត់បង់ប្រាក់រហូតដល់ទៅជាង ១០០ពាន់លានដុល្លារហើយចាប់តាំងពីការផ្ទុះសង្គ្រាមមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។