អឺរ៉ុប មិន​ទុក​ឲ្យ​អ៊ុយ​ក្រែ​ន​នៅ​ឯកា​នោះឡើយ​

​នាយករដ្ឋមន្ត្រី ៣​ប្រទេស ក្នុង​សហគមន៍​អឺរ៉ុប គឺ​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ឆែក ប៉ូឡូញ និង​ស្លូ​វ៉ា​គី កាលពី​ថ្ងៃទី ១៥​ខែមីនា បានធ្វើ​ដំណើរ​តាម​រថភ្លើង​ទៅកាន់​រដ្ឋធានី កៀវ ដើម្បី​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Volodymyr Zelensky ។ សកម្មភាព​ទាំងនោះ​គឺជា​ការបង្ហាញ​ការគាំទ្រ​ដល់​អ៊ុយ​ក្រែ​ន ក្នុងពេល​មាន​គ្រោះអាសន្ន​។​

​កន្លងមក មេដឹកនាំ​ប្រទេស​ទាំងបី បាន​ប្រឹក្សា​ជាមួយ ប្រមុខ​ដឹកនាំ​អឺរ៉ុប មុនពេល​សម្រេច​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន ។ នេះ​ជា​សកម្មភាព​បង្ហាញ​ការគាំទ្រ​របស់​សហគម​ន៍​អឺរ៉ុប​ទាំងមូល ចំពោះ​ឯករាជ្យភាព និង​អធិបតេយ្យភាព របស់​ប្រទេស​អ៊ុយ​ក្រែ​ន​។ ជាមួយគ្នានេះដែរ​ប្រធានាធិបតី​អ៊ុយ​ក្រែង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​ដំណើរ​ទស្សនកិច្ច​គាំទ្រ​នេះ​។​

​នាយករដ្ឋមន្ត្រី​សាធារណរដ្ឋ​ឆែក លោក Petr Fiala បាន​លើកឡើងថា «​គោលដៅ​នៃ​ដំណើរ​ទស្សនកិច្ច​នោះ គឺជា​សារសំខាន់​មួយ​បញ្ជាក់ប្រាប់​មិត្ត​អ៊ុយ​ក្រែ​ន​ថា ពួកគាត់​មិន​នៅ​ឯកា​ម្នាក់ឯង​នោះឡើយ អឺរ៉ុប​តែ​តែ​គៀក​ស្មា​ជាមួយ​អ្នក​»​។​

​ពាក់ព័ន្ធ​នឹង​ជនភៀសខ្លួន​ដោយសារ សង្គ្រាម​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​ជ​ន​ភៀសខ្លួន នៃ​អង្គការសហប្រជាជាតិ បាន​ឲ្យ​ដឹងថា​ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន​ជាង ៣​លាន​នាក់ បាន​ទៅដល់​បណ្ដា​ប្រទេសជិតខាង​អ៊ុយ​ក្រែ​ន ចាប់តាំងពី​សង្គ្រាម​ជាមួយ​រុស្ស៊ី​ផ្ទុះឡើង​កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ​មក​។​

​យោងតាម​ទីភ្នាក់ងារ UN មួយ​នេះ​, តួលេខ​អ្នក​ដែល​បាន​ភៀសខ្លួន​ចេញពី​អ៊ុយ​ក្រែ​ន ចាប់តាំងពី​ថ្ងៃទី​២៤ ខែកុម្ភៈ​ដល់​ថ្ងៃទី​១៥ ខែមីនា បាន​កើន​ឡើងដល់ ៣,០០០,៣៨១​នាក់​។ ក្នុងនោះ​មនុស្ស​សរុប ១,៨៣០,៧១១​នាក់ បានចេញ​ទៅកាន់​ប្រទេស​ប៉ូឡូញ​, ៤៥៩.៤៨៥​នាក់ ទៅ​ប្រទេស​រូ​ម៉ា​នី​, ៣៣៧,៣១៥​នាក់ ទៅ​ប្រទេស​ម៉ុ​ល​ដាវី​, និង ២៦៧,៥៧០​ចេញទៅ​កាន់​ប្រទេស​ហុង​គ្រី​។​

​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន បាន​ឈាន​ចូលដល់​សប្តាហ៍​ទី​៣ ខណៈដែល​ការចរចា​ក៏បាន​ឈានដល់​ជុំ​ទី​៤​ផងដែរ​។ កិច្ចចរចា ប៉ុន្មាន​លើក​មកនេះ រវាង​ទីក្រុង​កៀវ និង​ទីក្រុង​មូ​ស្គូ មកទល់ពេលនេះ​ទទួលបាន​ផ្តល់​លទ្ធផល​តិចតួចស្តួចស្តើង​ប៉ុណ្ណោះ​ក្រៅតែពី​ការបង្កើត​ច្រក របៀង​មនុស្សធម៌ ដើម្បី​ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង​របស់​អ៊ុយ​ក្រែ​ន​មួយចំនួន ដែល​រង​ការវាយប្រហារ​ធ្ងន់ធ្ងរ​ពី​សំណាក់​យោធា​រុ​ស្ស៉ី​៕

Refugees fleeing conflict in Ukraine arrive at the Medyka border crossing in Poland, Monday, Feb. 28, 2022. The head of the United Nations refugee agency says more than a half a million people had fled Ukraine since Russia’s invasion on Thursday. (AP Photo/Visar Kryeziu)

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close