រាជរដ្ឋាភិបាលសម្រេច កំណត់យកតំបន់ស្នូលស្ទឹងសែន នៃឋបនីយជីវមណ្ឌលបឹងទន្លេសាប និងតំបន់ដីសើមជុំវិញ ជាតំបន់រ៉ាមសារស្ទឹងសែន
រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២ វិច្ឆិកា កន្លងទៅនេះ បានចេញអនុក្រឹត្យមួយ ដោយសម្រេចកំណត់តំបន់ស្នូលស្ទឺងសែន នៃឋបនីយជីវមណ្ឌលបឹងទន្លេសាប និងតំបន់ដីសើមជុំវិញ ជាតំបន់រ៉ាមសារស្ទឹងសែន ក្នុងផ្ទៃក្រឡាសរុប ៩ពាន់២៩៣ហិកតា មានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្តឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
យោងតាមមាត្រា២ នៃអនុក្រឹត្យនោះបានបញ្ជាក់ថា ការសម្រេចកំណត់តំបន់ស្នូលស្ទឺងសែន និងតំបន់ដីសើមជុំវិញ ជាតំបន់រ៉ាមសារស្ទឺងសែន គឺក្នុងបំណងគាំទ្រការអភិរក្ស និងការការពារនៃតំបន់ដីសើមដែលមានសារៈសំខាន់ជាអន្តរជាតិ ស្របតាមអនុសញ្ញារ៉ាមសារ, ធានាការថែរក្សា និងការពារសោភ័ណភាពធម្មជាតិ វប្បធម៌ ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះ, ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តភាព, រក្សាលំនឹងបរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិ, លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់។
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការដាក់បញ្ចូលតំបន់ស្នូលស្ទឹងសែនជាតំបន់រ៉ាមសារ មិនត្រឹមតែបង្ហាញពីសារៈសំខាន់ជាអន្តរជាតិរបស់តំបន់ដីសើមនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិរក្ស និងដាក់បញ្ចូលតំបន់ដីសើមដែលមានសារៈសំខាន់ជាអន្តរជាតិជាតំបន់រ៉ាមសារបន្ថែមទៀតនាពេលអនាគត់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថានបានឲ្យដឹងថា តំបន់រ៉ាមសារស្ទឹងសែន ស្ថិតនៅប៉ែកអាគ្នេយ៍ នៃបឹងទន្លេសាប ជាប្រភេទតំបន់ដីសើមទឹកសាប សម្បូរដោយព្រៃលិចទឹក មានអាយុកាលជាយូរ និងជាទីជម្រកដ៏សំខាន់សម្រាប់ជីវៈចម្រុះគ្រប់ប្រភេទ។ លើសពីនេះទៅទៀត ព្រៃគុម្ពោត និងវាលស្មៅក្នុងតំបន់រ៉ាមសារស្ទឹងសែន គឺមានសារៈសំខាន់ណាស់ក្នុងការទ្រទ្រង់ដល់ពពួកសត្វស្លាបទឹក ថនិកសត្វ និងមច្ឆជាតិជាច្រើនប្រភេទផ្សេងទៀតផង។
តំបន់រ៉ាមសាមនេះ ក៏មានសារៈសំខាន់ក្នុងការកាត់បន្ថយទឹកជំនន់នៅរដូវវស្សា រក្សាវដ្តទឹក រក្សាលំនឹងទឹកក្រោមដី បន្សុទ្ធទឹកតាមរយៈរុក្ខជាតិក្នុងទឹក និងព្រៃលិចទឹក និងជាប្រភពទឹកសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ និងស្រោចស្រពដំណាំកសិកម្មរបស់ប្រជាពលរដ្ឋនៅក្នុង និងជុំវិញតំបន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។