អ៊ុយ​ក្រែ​ន បង្ហាញ​បញ្ជី​អាទិភាព​ចំនួន ៦​ចំនុច សម្រាប់​កិច្ចចរចា​សន្តិភាព​ជាមួយ​រុស្ស៊ី​

​កៀវ​៖ ផ្នែក​សេវា​សារព័ត៌មាន​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​រាយការណ៍​ថា លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បានបង្ហាញ​បញ្ជី​អាទិភាព​ចំនួន ៦ ក្នុងអំឡុង​ធ្វើ​កិច្ចចរចា​សន្តិភាព​ជាមួយ​ភាគី​រុស្ស៊ី​។​

​លោក ហ្សេ​លេន​ស្គី បាន​ថ្លែង​នៅក្នុង​សន្ទរកថា​ទៅកាន់​ប្រជាជាតិ​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា អាទិភាព​របស់ខ្ញុំ​ក្នុង​ការចរចា គឺ​ច្បាស់​ណាស់ ក្នុងនោះ​រួមមាន​ការបញ្ចប់​សង្គ្រាម ការធានា​សន្តិសុខ អធិបតេយ្យភាព ការស្ដារ​ឡើងវិញ​នូវ​បូរណភាព​ទឹកដី ការធានា​ពិតប្រាកដ និង ការការពារ​ពិតប្រាកដ​សម្រាប់​ប្រទេស​របស់​យើង​។ លោក ហ្សេ​លេន​ស្គី បន្ថែមថា ការចរចា​រវាង​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​កំពុង​បន្ត​។

គណៈប្រតិភូ​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​បានចាប់ផ្តើម​ការចរចា​ជុំ​ទី​៤ របស់​ពួកគេ​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ តាមរយៈ​តំណ​ភ្ជាប់​វីដេអូ​អន​ឡាញ ហើយ​កាលពី​ថ្ងៃ​ពុធ ទីប្រឹក្សា​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក មី​ខែល​ឡូ ប៉ូ​ដូលី​យ៉ាក បាន​និយាយថា លោក ហ្សេ​លេន​ស្គី អាច​នឹង​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។

​ដោយឡែក​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​កន្លងទៅ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក ឌី​មី​ទ្រី ផេ​ស្គូ​វ ក៏បាន​អះអាង​ដែរ​ថា ជំនួប​រវាង​លោក ពូ​ទីន និង​លោក ហ្សេ​លេន​ស្គី គឺអាច​កើតឡើង​បាន​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close