ប្រតិភូកីឡាកម្ពុជា ទៅដាក់បញ្ជីឈ្មោះអត្តពលិកចុងក្រាយជាង ៥០០នាក់ សម្រាប់ស៊ីហ្គេម ២០២២ នៅវៀតណាម
ក្រុមប្រតិភូកីឡាកម្ពុជានឹងដាក់បញ្ជីឈ្មោះចុងក្រោយលើ៣៣ប្រភេទកីឡាជាង៥០០នាក់នៃក្រុមជម្រើសជាតិកម្ពុជាជូនម្ចាស់ផ្ទះ វៀតណាម នៅក្នុងកិច្ចប្រជុំ «នាយបេសកកម្ម១១ប្រទេសនៃអាស៊ីអាគ្នេយ៍» ត្រៀមការប្រកួតស៊ីហ្គេម លើកទី៣១ គ្រោងនឹងប្រកួតពីថ្ងៃទី១២ដល់២៣ ខែឧសភា ឆ្នាំ២០២២។
នេះបើតាមប្រសាសន៍របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC ទទួលបន្ទុកនាយបេសកកម្មស៊ីហ្គេម មុនពេលចេញដំណើរទៅកាន់ប្រទេសវៀតណាម កាលពីល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
បេសកកម្មដ៏មានសារៈសំខាន់នេះដឹកនាំដោយឯកឧត្តម វ៉ាត់ ចំរើន នាយបេសកកម្ម ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា និងជាអគ្គលេខាធិការង CAMSOC ព្រមទាំងប្រធានគណៈកម្មការជំនាញមួយចំនួននៃ CAMSOC និងមន្ត្រីអមដំណើរមួយចំនួនទៀត។
នាយបេសកកម្មរូបនេះគូសបញ្ជាក់ថា កិច្ចប្រជុំចុងក្រោយ នាយបេសកកម្ម១១ប្រទេសនៃអាស៊ីអាគ្នេយ៍នេះនឹងធ្វើឡើងរយៈពេល៣ថ្ងៃ (១៨-២០មីនា) ដោយមានរបៀបវារៈជាច្រើនដោយត្រូវពិភាក្សាលម្អិត មុនពេលបណ្តាប្រទេសទាំងអស់បញ្ជូនអត្តពលិករបស់ខ្លួនចូលរួមប្រជែងមេដាយ ស៊ីហ្គេម នៅប្រទេសវៀតណាម។
ឯកឧត្តម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា គណៈប្រតិភូចេញទៅពេលនេះ គឺដើម្បីពិនិត្យមើលការរៀបចំជាមុន នូវកន្លែងហូបចុក ស្នាក់នៅ ការដឹកជញ្ជូន បដិសណ្ឋារកិច្ច របៀបរបបរៀបចំដឹកនាំរបស់ម្ចាស់ផ្ទះស៊ីហ្គេម វៀតណាម ក៏ដូចជាដាក់បង្ហាញនូវទីលានប្រកួតចុងក្រោយ។ អ្វីដែលពិសេស គឺក្រុមប្រិតភូ ក្រុមកីឡាករ កីឡាការិនីកម្ពុជា នឹងចូលរួមក្នុងទ្រង់ទ្រាយធំជាងគេជាងពេលណាៗទាំងអស់ ដោយមានចំនួនច្រើនជាង ៥០០នាក់ ដើម្បីសម្រួចគោលដៅឆ្ពោះមករៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។
នាយបេសកកម្មរូបនេះបន្ថែមថា ដំណើរកិច្ចប្រជុំលើកនេះ ក៏ផ្តោតសំខាន់លើការយកបញ្ជីឈ្មោះចុងក្រោយរបស់ប្រតិភូ កីឡាករ កីឡាការិនីកម្ពុជាជាង៥០០នាក់នេះ ទៅប្រគល់ជូនគណៈកម្មការស៊ីហ្គេមវៀតណាមរ។
ក្នុងដំណើរកិច្ចប្រជុំរយៈពេល៣ថ្ងៃនេះ ក៏នឹងមានកិច្ចប្រជុំពិសេសមួយរវាង CAMSOC និងគណៈកម្មាធិការ ស៊ីហ្គេម វៀតណាមផងដែរ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការរវាងស៊ីហ្គេមវៀតណាម និងស៊ីហ្គេមរបស់កម្ពុជា ថាតើវៀតណាមអាចជួយលើផ្នែកណាខ្លះ ដូចជាការបណ្តុះបណ្តាល បច្ចេកវិទ្យាហ្គេម ឬបទពិសោធន៍អ្វីខ្លះ ដែលម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣កម្ពុជា បានស្នើនូវសំណូមពរទាំងនោះ។
ចំពោះប្រតិភូ១ក្រុមទៀត គឺជាប្រតិភូជាន់ខ្ពស់របស់គណៈកម្មាធិការជាតិ CAMSOC ដែលដឹកនាំផ្ទាល់ដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC អមដំណើរដោយឯកឧត្តមបណ្ឌិត ថោង ខុន ដើម្បីចូលរួមទទួលទង់ស៊ីហ្គេម ពីម្ចាស់ផ្ទះវៀតណាម បន្តវេនឆ្ពោះមកស៊ីហ្គេម ឆ្នាំ២០២៣ របស់កម្ពុជា នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ដែលជាថ្ងៃពិធីបិទការប្រកួតស៊ីហ្គេមជាផ្លូវការនៃស៊ីហ្គេមវៀតណាម។
នៅក្នុងពិធីបិទនេះ ក៏មានការសម្តែងពីក្រុមសិល្បៈវប្បធម៌កម្ពុជា ដើម្បីទទួលស្វាគមន៍ភ្ញៀវ និងអត្តពលិកអាស៊ីអាគ្នេយ៍ ឆ្ពោះមកស៊ីហ្គេម ឆ្នាំ២០២៣របស់កម្ពុជា។ «ដូច្នេះបេសកកម្មនេះ ពិតជាមានសារសំខាន់ណាស់ ដើម្បីចូលរួមកិច្ចប្រជុំផង និងធ្វើការសង្កេតពិនិត្យ ដកស្រង់បទពិសោធន៍នៃរបៀបគ្រប់គ្រង ដឹកនាំព្រឹត្តិការណ៍ស៊ីហ្គេមនេះ មកច្នៃប្រឌិតបន្ថែម និងអនុវត្តនៅស៊ីហ្គេម ឆ្នាំ២០២៣ របស់យើងឲ្យទទួលបានជោគជ័យ»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។