មនុស្ស​ស្លាប់ និង​របួស​ជាង ២០០​នាក់ ដោយសារ​គ្រោះ​រញ្ជួយ​ដី​វាយប្រហារ​ប្រទេស​ជប៉ុន

តូ​ក្យូ​៖ ប៉ូលីស និង​មន្ត្រី​ពន្លត់​អគ្គិភ័យ​នៅ​ថ្ងៃ​ព្រហស្បតិ៍​រាយការណ៍​ថា មនុស្ស ៣​នាក់​បាន​ស្លាប់ និង​២២៥​នាក់​ផ្សេងទៀត​រងរបួស បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី​ដ៏​កក្រើក​បាន​វាយប្រហារ​ភាគ​ឦសាន​ប្រទេស​ជប៉ុន កាលពី​យប់​ថ្ងៃ​ពុធ​សប្តាហ៍​នេះ (​ម៉ោង​ក្នុង​តំបន់​)​។​

​បើតាម​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​អគ្គីភ័យ​ជប៉ុន គិត​ត្រឹម​ម៉ោង ៧៖៣០​យប់​ថ្ងៃ​ព្រហស្បតិ៍ (​ម៉ោង​ក្នុង​តំបន់​) មនុស្ស ២២៥​នាក់​បាន​រងរបួស​នៅ​ទូទាំង​ប្រជុំ​កោះ​ចំនួន ១២ ក្នុងនោះ​មាន Miyagi និង Fukushima ជាទី​ដែល​គ្រោះ​រញ្ជួយ​ដី​គេ​កត់ត្រា​មាន​កម្រិត​រហូតដល់ ៧.៤​រ៉ិ​កទ័រ​វាយប្រហារ​។

​ជាមួយគ្នានេះ នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា អាជ្ញាធរ​កំពុង​ពិនិត្យមើល​ករណី​ស្លាប់ ដែល​ទំនងជា​បណ្តាលមកពី​គ្រោះ​រញ្ជួយ​ដី ខណៈដែល​ក្រសួងការពារជាតិ​បាន​បញ្ជូន​កងកម្លាំង​ស្វ័យការពារ​សម្រាប់​កិច្ចការងារ​ជួយសង្គ្រោះ​គ្រោះមហន្តរាយ​នៅ​កោះ Fukushima ដើម្បី​ផ្តល់​សេវា​ទឹកស្អាត​នៅក្នុង​តំបន់​ដែល​ការផ្គត់ផ្គង់​ត្រូវបាន​រំខាន​។

​លោក Kishida បាន​ថ្លែង​ក្នុងសម័យ​ប្រជុំ​សភា​ថា យើង​នឹង​ចាត់​វិធានការណ៍​តាម​ដែល​អាចធ្វើ​ទៅបាន​ទាំងអស់ ដើម្បី​ឆ្លើយតប​ទៅនឹង​គ្រោះមហន្តរាយធម្មជាតិ​ដ៏​អាក្រក់​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close